ប្រទេសថៃ ៖ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង រាយការណ៍ថា កងទ័ពថៃចំនួន១៤នាក់ បានដើរល្បាតនៅតំបន់ភ្នំ៤៨១ ស្ថិតនៅស្រុកណាមយឺន ខេត្តឧប៊ុនរ៉ាជធានី ជាប់ព្រំដែនប្រទេសកម្ពុជា ស្រាប់តែកងទ័ពថៃ៣នាក់ ដើរជាន់មីនបន្សល់ទុកក្នុងសមរភូមិចាស់បណ្តាលឱ្យរងរបួស ក្នុងនោះកងទ័ពម្នាក់រងរបួសកជើងធ្ងន់ធ្ងរ រីឯកងទ័ព២នាក់ទៀតរងរបួសស្រាល ។ បន្ទាប់មក កងទ័ពដែលដើរល្បាតជាមួយគ្នាក៏បានទាក់ទងទៅគ្រូពេទ្យដើម្បីសុំការសង្គ្រោះបឋមមុនពេលបញ្ជូនទៅមន្ទីរពេទ្យ ។
.png)
សារព័ត៌មាន Khaosod រាយការណ៍ថា កងទ័ពថៃបានដើរល្បាតក្នុងតំបន់ធ្លាប់ល្បាតជាប្រចាំនៅស្រុកណាមយឺន ខេត្តឧប៊ុនរ៉ាជថានី កាលពីថ្ងៃទី១៦ ខែកក្កដា ប៉ុន្តែកងទ័ព៣នាក់ បានដើរជាន់មីននៅតំបន់ភ្នំ៤៨១ បណ្តាលឱ្យរងរបួសធ្ងន់ និងស្រាល បើតាមការស៊ើបអង្កេតរបស់កងទ័ព គឺវាជាគ្រាប់មីនដែលបន្សល់ទុកក្នុងសមរភូមិចាស់ ។ ក្រោយមក កងទ័ពរងរបួសទាំង៣នាក់ត្រូវបានបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យណាមយឺន ដើម្បីឱ្យគ្រូពេទ្យជួយសង្គ្រោះ ។
ខាងមន្ទីរពេទ្យណាមយឺន ក៏បានបញ្ជូនកងទ័ពទាំង៣នាក់ទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យ Fort Sunpasitthiprasong នៅស្រុកវ៉ារីនឆាំរ៉ាប ខេត្តឧប៊ុនរ៉ាជថានី តាមរយៈឧទ្ធម្ភាគចក្រ រួចហើយ គ្រូពេទ្យបញ្ជូនកងទ័ព៣នាក់ទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ និងវះកាត់កងទ័ពម្នាក់ដែលរងរបួសធ្ងន់ ។
ដោយឡែក សារព័ត៌មានថៃ Nation TV រាយការណ៍ថា គ្រាប់មីននៅតំបន់ភ្នំ៤៨១ អាចជាគ្រាប់មីនដែលកម្ពុជាយកមកដាក់ថ្មីក្នុងសមរភូមិចាស់ដែលបានដោះគ្រាប់មីនរួចហើយ ។ វាជាគ្រាប់មីនថ្មីផលិតនៅប្រទេសវៀតណាម ហើយសារព័ត៌មាននេះចោទប្រកាន់ថា កម្ពុជាបានយកគ្រាប់មីនមកដាក់ជាថ្មីក្នុងសមរភូមិចាស់បណ្តាលឱ្យកងទ័ពថៃដើរជាន់រងរបួស ។
.png)
វាជាការទម្លាក់កំហុស និងចោទប្រកាន់មកលើកម្ពុជាដោយគ្មានភស្តុតាង ស្របពេលស្ថានការណ៍ព្រំដែនកម្ពុជា-ថៃពុំទាន់ធូរស្រាល ។ កម្ពុជាពុំចង់បង្កសង្គ្រាមជាមួយប្រទេសជិតខាងទេ គឺមានតែប្រទេសថៃប៉ុណ្ណោះដែលតែងតែគំរាមកំហែងប្រើប្រាស់កម្លាំងកងទ័ពជាបន្តបន្ទាប់ និងបិទព្រំដែនដើម្បីដាក់សម្ពាធសេដ្ឋកិច្ចមកលើកម្ពុជា ៕










