ប្រទេសអូស្ត្រាលី ៖ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មាន BBC រាយការណ៍ថា ការប្រើប្រាស់បារីអេឡិចត្រូនិករបស់កូនសិស្សនៅប្រទេសអូស្ត្រាលីបានធ្លាក់ចុះក្នុងរយៈពេល១ឆ្នាំកន្លងមក ក្រោយពីរដ្ឋាភិបាលបង្កើតច្បាប់ហាមនាំចូលពីក្រៅប្រទេស ហាមផ្សព្វផ្សាយពាណិជ្ជកម្ម និងហាមលក់ដូរ ។ វាធ្វើឱ្យអត្រាការប្រើប្រាស់បារីអេឡិចត្រូនិករបស់យុវជនចាប់ពីអាយុ១៤ឆ្នាំ ទៅ១៧ឆ្នាំ ធ្លាក់ចុះពី១៧.៥% នៅដើមឆ្នាំ២០២៣ មកស្មើត្រឹម១៤.៦% នៅខែមេសា ឆ្នាំ២០២៥ ។.png)
នេះជាទិន្នន័យចុងក្រោយបង្អស់បានពីការស្រាវជ្រាវនៅទូទាំងប្រទេសដោយស្ថាប័នជំងឺមហារីកស្ថិតក្រោមគម្រោង «Generation Vape» ដែលជាគម្រោងពិនិត្យមើលឥរិយាបថការញៀនបារីអេឡិចត្រូនិក និងគំនិតរបស់យុវជន ។ ការស្រាវជ្រាវបង្ហាញទៀតថា អត្រាការប្រើប្រាស់បារីអេឡិចត្រូនិករបស់យុវជនអូស្ត្រាលីចាប់ពីអាយុ១៥ឆ្នាំឡើង បានធ្លាក់ចុះជាង២ផ្នែកក្នុងចំណោម៣ផ្នែក ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Mark Butler និយាយថា ការប្រើប្រាស់បារីអេឡិចត្រូនិករបស់យុវជនអូស្ត្រាលីបានធ្លាក់ចុះច្រើន កាលពីឆ្នាំ២០២៤ អាជ្ញាធរបានរឹបអូសបារីពីយុវជន ស្មើជាង១០លានដើម ។

ច្បាប់ថ្មីបានហាមឃាត់ផលិតបារីអេឡិចត្រូនិក រួមទាំងហាមនាំចូលពីក្រៅប្រទេស ហាមផ្សាយពាណិជ្ជកម្ម និងហាមលក់ដូរនៅអូស្ត្រាលី បានអនុវត្តចាប់ពីខែកក្កដា ឆ្នាំ២០២៤ ទើបធ្វើឱ្យការទិញបារីអេឡិចត្រូនិកមានជាតិនីកូទីនដោយស្របច្បាប់ត្រូវតែមានវេជ្ជបញ្ជា និងទិញនៅឱសថស្ថានប៉ុណ្ណោះ ។ ប៉ុន្តែពលរដ្ឋទូទៅនៅតែលួចទិញបានតាមផ្សារងងឹត ។.png)
ពលរដ្ឋអូស្ត្រាលីយល់ឃើញថា បារីអេឡិចត្រូនិកមានសុវត្ថិភាពជាងបារីធម្មតា ពីព្រោះវាគ្មានសារធាតុគ្រោះថ្នាក់ ប៉ុន្តែអ្នកជំនាញផ្នែកសុខភាពប្រាប់ថា បារីអេឡិចត្រូនិកគ្មានសុវត្ថិភាពទេ ហើយពុំជ្រាបពីផលប៉ះពាល់រយៈពេលយូរ ខណៈអាជ្ញាធរអូស្រាលីបារម្ភពីយុវជនជក់បារីកើនឡើងនាថ្ងៃអនាគត ។
លទ្ធផលស្ទង់មតិរបស់គម្រោង «Generation Vape» ដែលបានសាកសួរយុវជនអាយុពី១៤ឆ្នាំ ទៅ១៧ឆ្នាំ ចំនួន៣,០០០នាក់ បង្ហាញថា អ្នកឆ្លើយតប ៨៥.៤% ពុំធ្លាប់ប្រើប្រាស់បារីអេឡិចត្រូនិក ហើយយុវជនម្នាក់ក្នុងចំណោម៣នាក់ ចង់ប្រើប្រាស់បារីអេឡិចត្រូនិក ។ រីឯគំនិតរបស់កូនសិស្សពាក់ព័ន្ធការប្រើប្រាស់បារីអេឡិចត្រូនិកក៏ផ្លាស់ប្តូរដែរ គឺកូនសិស្សដែលកំពុងប្រើប្រាស់បារីអេឡិចត្រូនិក និងធ្លាប់ប្រើប្រាស់ប្រាប់ថា ពួកគេខ្មាស់អៀនខ្លួនឯង ។ នេះបង្ហាញថា ការប្រើប្រាស់បារីអេឡិចត្រូនិកពុំមែនជារឿងល្អដូចពេលមុន ។
ទោះជាបច្ចុប្បន្ន យុវជនអូស្ត្រាលីទិញបារីអេឡិចត្រូនិកដោយខ្លួនឯងតិចជាងមុន ប៉ុន្តែហាងនានានៅតែលក់បារីអេឡិចត្រូនិកដដែល ទោះជាមានច្បាប់ថ្មីហាមលក់ក្តី ។ ការប្រើប្រាស់បារីអេឡិចត្រូនិកនៅតែជាបញ្ហាប្រឈមផ្នែកសុខភាពដែលរដ្ឋាភិបាលអូស្ត្រាលីព្យាយាមដោះស្រាយ ៕










