អ្នកនាង មាស សុខសោភា បានបង្កឱ្យអ្នកលេងបណ្តាញសង្គមបន្តការវែកញែកជាថ្មី បន្ទាប់ពីតារាចម្រៀងរូបនេះបង្ហោះសំណេរមួយនៅលើបណ្តាញសង្គមនិងមានការឆ្លើយតបឌឺដងទៅកាន់អតីតស្វាមី។ នៅលើទិកតុកវិញតារាចម្រៀងមាស សុខសោភា បានដាក់ចម្រៀងមួយបទជាមួយនឹងលោកគ្រូសក់សភ្នំត្បែងធ្វើឱ្យមានមតិ សង្ស័យថាតារាចម្រៀងរូបនេះទំនងជាចង់បង្ហាញក្តីស្នេហ៍ជាសាធារណៈ។

ថ្មីៗនេះតារាចម្រៀង មាស សុខសោភា បានបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «បើមនុស្សមិនរៀនឈ្វេងយល់អំពីច្បាប់ធម្មជាតិទាំង៧របស់ខ្លួនឯងម្នាក់ៗទេ អ្នកនៅតែមើលឃើញល្អថាជាអាក្រក់ ត្រូវទៅជាខុស សទៅជាខ្មៅ អស់មួយជីវិត។ 
អ្វីដែលសំគាល់ឱ្យសតិបញ្ញារបស់យើងគិតថាយើងកំពុងតែដើរលើផ្លូវត្រូវឬខុស ល្អឬអាក្រក់នោះ គឺមានតែសច្ចធម៌តែ១គត់ដែលឆ្លុះបង្ហាញភាពសុក្រឹតដល់យើង។
ពេលខ្លះគេមើលមកយើងថាកំពុងដើរលើផ្លូវខុសប៉ុន្តែអ្នកទាំងនោះមិនមានភាពក្លាហានចេញមកបកស្រាយអំពីចំណុចខុសដែលខ្លួនកំពុងគិតថាគេខុសនោះឡើយ។បើចង់ដឹងថាគេដើរលើផ្លូវត្រូវឬខុសត្រូវរៀនស្គាល់ពីច្បាប់ធម្មជាតិរបស់ខ្លួនហើយឈ្វេងយល់ឱ្យច្បាស់អំពីសច្ចធម៌»។
ការបង្ហោះខ្លឹមសារខាងលើនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិវែកញែកជាច្រើន។ គណនីហ្វេកប៊ុកមួយបានបញ្ចេញមតិថា «សូមបានសំរេចឈាន ឆាប់ៗផងចុះ» តារាចម្រៀង មាស សុខសោភា បានឆ្លើយតបថា «សច្ចធម៌ ដែលកំណត់ឱ្យមនុស្សដឹងខុសឬត្រូវវាមិនចាំបាច់ទាល់តែសម្រេចឈាននោះទេ» ។ គណនីមួយទៀតបានបញ្ចេញមតិថា «សច្ចធម៌គឺត្រូវតែប្ដី១ប្រពន្ធ១មិនវង្វេងនិងកាមគុណ» ។ ការបញ្ចេញមតិនេះតារាចម្រៀង មាស សុខសោភា បានឆ្លើយតបថា «ប្តីដែលឱ្យប្រពន្ធរកស៊ីចិញ្ចឹមជាង១០ឆ្នាំ ប្តីកាន់លុយ រួមទាំងចាំចាប់កំហុសប្រពន្ធគ្រប់ពេលនឹងឬ? អ្នកចង់បានប្តីរបៀបនេះឬ យកចុះ»។

ជាមួយនឹងការបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកខាងលើនេះ ងាកទៅកាន់បណ្តាញសង្គមទិកតុករបស់អ្នកនាង មាស សុខសោភា កាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង។ តារាចម្រៀងរូបនេះបានដាក់រូបភាពខ្លួនឯង រួមទាំងរូបភាពរបស់លោកគ្រូសក់សភ្នំត្បែងជាមួយនឹងឃ្លាចម្រៀងថា «មិនស្តាយក្រោយទេរើសបងជាប្តី អូនរើសយកបងព្រោះមានចិត្តស្មោះសរ….»។
ការបង្ហាញបែបនេះរបស់តារាចម្រៀង មាស សុខសោភា និងលោកគ្រូសក់សភ្នំត្បែង បានធ្វើឱ្យអ្នកគាំទ្រមានការព្រួយបារម្ភយ៉ាងខ្លាំង ហើយមានការសង្ស័យថាតារាចម្រៀងរូបនេះចង់បង្ហាញស្នេហាថ្មីក្រោយពីដាក់បទចម្រៀងខាងលើនេះ៕










