ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានសម្ដែងនូវការហួសចិត្តចំពោះទង្វើដែលអតីតទាហានព្រៃថៃបានធ្វើមកលើទាហានខ្មែរ ដោយលោកបានសង្កត់ធ្ងន់ថា អតីតទាហានថៃរូបនោះ ត្រូវតែធ្វើការសូមអភ័យទោសកងទ័ពខ្មែរជាសាធារណៈ ព្រោះបើមិនដូច្នេះ ករណីនេះ អាចនឹងឈានដល់ការឡើងតុលាការ។
.jpg)
ក្នុងពិធីអបអរសាទរ ទទួលដំណើរមាតុភូមិនិវត្តន៍ កងអនុសេនាធំវិស្វកម្មពហុជំនាញ លេខ៤៦៨ បានបញ្ចប់បេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ (UN) នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានថ្លែងនៅចំពោះមុខមន្រ្តីទាំងអស់ដែលបានចូលរួមថា៖ លោកពិតហួសចិត្ត ដែលឃើញទាហានឈុតខ្មៅថៃមកជ្រលរចង់ចាប់ដៃជាមួយកងកម្លាំងយើង តែគ្រាន់ងាកខ្នងបន្តិចបែរជាវា.យយើងមួយដៃ តើនេះបង្ហាញពីអ្វី?
ទន្ទឹមនឹងនេះ អ្វីដែលកាន់តែហួសចិត្តទៀតនោះ គឺឯកឧត្តមក៏បានបញ្ជាក់ថា បុគ្គលម្នាក់នេះបានវាយទាហានខ្មែរមុនហើយ តែនៅក្នុងការសម្ភាសន៍ជាមួយនឹងជនជាតិថៃដូចគ្នា បុគ្គលខាងលើនេះបែរជាចោ.ទប្រកាន់មកកាន់កម្ពុជា ទាំងបងប្អូនពលរដ្ឋខ្មែរ និងទាហានខ្មែរថា បានកាក់ហាមឃា.ត់មិនឱ្យខ្លួនឡើងមកមើលប្រាសាទ ទើបបានជខ្លួនទ្រាំមិនបាន កើតជាកំហឹងហើយវា.យទាហានខ្មែរដូច្នេះទៅវិញ។

ជាមួយគ្នានេះ ឯកឧត្តមបានបន្តថា តាមពិតប្រហែលជាអាចមានការសុំទោសក្រៅផ្លូវការរួចរាល់ហើយ ប៉ុន្តែទោះជាយ៉ាងណា ការសុំទោសបែបមិនពេញលេញ មិនចេញមុខមាត់បែបនេះមិនទទួលយកនោះទេ។ ឯកឧត្តមអំពាវនាវឱ្យមានការចេញមុខធ្វើការសុំទោសជាសាធារណៈ ដើម្បីឱ្យពលរដ្ឋខ្មែរអស់ចិត្ត ហើយករណីនេះនឹងនៅតែត្រូវបន្តតាមដានទៀត មិនលើកលែងឱ្យដោយងាយនោះទេ។.jpg)
ប្រមុខការពារជាតិរូបនេះក៏បានបញ្ជាក់សារជាថ្មីថា កម្ពុជានឹងនៅតែបន្តរក្សាជំហរដោះស្រាយបញ្ហាជាមួយប្រទេសថៃ លើតំបន់ទាំងបួនដែលកំពុងមានជម្លោះរួមមាន ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងតំបន់មុំបី ជាមួយប្រព័ន្ធច្បាប់អន្តរជាតិ ដែលមានតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក៏ដូចជាការជម្រុញឱ្យភាគីថៃបើកច្រកព្រំដែនដែលបានបិទជាឯកតោភាគីឡើងវិញ នោះទើបកម្ពុជាសម្រេចអនុវត្តដូចគ្នាតាមក្រោយ ដោយគ្មានការចរចា៕










