ទីបំផុតផលិតកម្មបារមីបានប្រកាសជាផ្លូវការលែងបន្តរៀបចំកម្មវិធីប្រលង «The Rapper Cambodia» រដូវកាលថ្មីដែលនេះជាកម្មវិធីទិញសិទ្ធិរៀបចំមកពីប្រទេសថៃ។ ទោះជាយ៉ាងណា ដ្បិតតែកម្មវីធីនេះមិនបានរៀបចំរដូវកាលថ្មីក្តីប៉ុន្តែ ផលិតកម្មរបស់ វណ្ណដា នឹងរៀបចំកម្មវិធីថ្មីបង្កើតដោយស្នាដៃកូនខ្មែរ។ ជាពិសេសនឹងរួមបញ្ចូលភាពច្នៃប្រឌិត រួមបញ្ចូលវប្បធម៌ ដើម្បីលើកស្ទួយវិស័យតន្ត្រីខ្មែរ ជំនាន់ក្រោយឱ្យរះកាន់តែខ្ពស់សម្រេចក្តីសុបិននៅលើឆាកអន្តរជាតិ។ 
កាលពីមុនផលិតកម្មបារមីបានប្រកាសថានឹងរៀបចំកម្មវីធី «The Rapper Cambodia» រដូវកាលទី២ ក្នុងពេលឆាប់ៗខាងមុខនេះប៉ុន្តែស្រាប់តែស្ងាត់មិនមានដំណឹងថ្មី សូម្បីតែហ្វេកប៊ុកផេកកាលពីរដូវកាលទី១ក៏មិនអាចចូលមើលបាន។

ទោះជាយ៉ាងណា អ្វីៗត្រូវបានបញ្ជាក់ជាផ្លូវការដោយផលិតកម្មបារមី បានចេញសេចក្តីនៅយប់ថ្ងៃទី១១ ដោយលែងបន្តកម្មវិធីរ៉េបដែលទិញសិទ្ធិមកពីប្រទេសថៃទៀតហើយ។ ការសម្រេចចិត្តរបស់ផលិតកម្មមួយនេះគឺដើម្បីគោរពនិងគាំទ្រសេចក្តី ប្រកាសពីរាជរដ្ឋាភិបាលកម្ពុជាអំពីការបញ្ឍប់ការចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រភេទ នៅលើកញ្ចក់ទូរទស្សន៍។
ទោះយ៉ាងណា ផលិតកម្មរបស់តារាចម្រៀងរ៉េប វណ្ណដា បានបញ្ជាក់ទៀតថា ទោះបីជាមិនរៀបចំកម្មវិធីរ៉េបដែលទិញសិទ្ធិពី Workpoint ក្តីប៉ុន្តែ
ផលិតកម្មបារមី និងភ្លើងគប់ជាមួយនឹងក្រុមការងារ កំពុងផលិតកម្មវិធីប្រលងថ្មីមួយដែលជារបស់ខ្មែរ ធ្វើឡើងដោយកូនខ្មែរហើយ នឹងលើកតម្កើងបេក្ខភាពនិងជួយសម្រេចបានក្តីសុបិននៅលើឆាកអន្តរជាតិ។

មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីរ៉េបថ្មីស្នាដៃកូនខ្មែរ នឹងមានបញ្ចូលគំនិតថ្មីៗប្រកបដោយភាពច្នៃប្រឌិត រួមបញ្ចូលវប្បធម៌ ដើម្បីលើកស្ទួយវិស័យតន្ត្រីខ្មែរ ជំនាន់ក្រោយឱ្យរះកាន់តែខ្ពស់។
ការសម្រេចចិត្តបញ្ឈប់ការរៀបចំកម្មវិធីប្រលងចម្រៀងរ៉េបដែលទិញសិទ្ធិពីប្រទេសថៃរបស់ផលិតកម្មបារមី បានធ្វើឱ្យទស្សនិកជនមានការស្ងប់ស្ញែងនិងផ្តល់កម្លាំងគាំទ្រដែលផលិតកម្មបង្កើតកម្មវិធីថ្មីជាស្នាដៃកូនខ្មែរដោយមិនពឹងផ្អែកកម្មវិធីរបស់ប្រទេសជិតខាង៕










