អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបើកការស៊ើបអង្កេតទៅលើលោកឧត្តមសេនីយ៍ឯក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដែលពាក់ព័ន្ធនឹងសំណុំរឿងជាមួយអតីតឧកញ៉ា ឡេង ចាន់ណា ករណីឆបោកទ្រង់ទ្រាយធំនៅខេត្តកំពង់ធំ និងខេត្តសៀមរាប។
ក្រៅពីលោក ឧត្តមសេនីយ៍ឯក ស ថាវី ACU ក៏បានដាក់ការស៊ើបអង្កេតទៅលើលោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ផងដែរ។
បច្ចុប្បន្នតុលាការខេត្តសៀមរាប បានបញ្ជូនសំណុំរឿងករណីអតីតឧកញ៉ាគឺអ្នកស្រី ឡេង ចាន់ណា និងបក្ខពួកចំនួន៣២សំណុំរឿង មកអង្គភាពប្រឆាំងអំពើពុករលួយ ដែលតុលាការបានខិតខំធ្វើការយ៉ាងម៉ត់ចត់អស់រយៈពេលជិតពីរឆ្នាំមកនេះ។
គួរបញ្ជាក់ថា អតីតឧកញ៉ា ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ប្រ៊ីលានស៊ីធី ត្រូវបានតុលាការសម្រេចឃុំខ្លួនពីបទល្មើសព្រហ្មទណ្ឌចំនួន ០៣ រួមមាន៖
១. បទឆបោកមានស្ថានទម្ងន់ទោស
២. បទមិនបំពេញកាតព្វកិច្ចឧបករណ៍ដែលអាចជួញដូរបាន
៣. បទសម្អាតប្រាក់ កាលពីដើមខែមីនា ឆ្នាំ២០២៤៕










