ថ្មីៗនេះ ក្រុងចលនាជាតិនិយមថៃ បានស្នើឱ្យកងយោធាថៃធ្វើការបិទច្រកមិនឱ្យពលរដ្ឋខ្មែរចូលទៅតំបន់ប្រាសាទតាមាន់ធំ។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានព្រមានធ្ងន់ៗទៅកាន់ភាគថៃ ដោយថានឹងមានរឿងជាមួយកម្ពុជា បើសិនជាថៃហ៊ានឆ្លងបន្ទាត់ក្រហម បិទមិនឱ្យពលរដ្ឋខ្មែរចូលតំបន់នៅតំបន់ប្រាសាទតាមាន់ធំ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា៖”ខ្ញុំសូមប្រកាសឱ្យហើយ គ្មាននរណាមានសិទ្ធិឯកតោភាគីប្រកាសបិទកន្លែងហ្នឹងឈប់ឱ្យចូលទេ។ បើហ៊ានតែបិទទ្វា មិនឱ្យប្រជាជនខ្មែរឡើងនឹងមានរឿង។ ការបិទបែបនេះ ស្មើអ្នកឯងយកអាហ្នឹងជារបស់អ្នកទៅហើយ”។

សូមរំលឹកថា តំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងមុំ៣ ជាតំបន់មិនទាន់ដាច់ស្រេច ដែលកំពុងរកតុលាការយុត្តិធម៌អន្តរជាតិដោះស្រាយ ដូច្នេះគ្មាននរណាមានសិទ្ធិឯកតោភាគីសម្រេចចិត្តបិទតាមអំពើចិត្តនោះឡើយ៕