វីដេអូដែលមានសត្វដំរីឈ្មោះថា Lucky ដែលរត់តាមលោក ទ្រី ស៊ីថេង ដែលជាអ្នកមើលថែដំរីនេះតាំងពីអាយុ៦ខែបានធ្វើឱ្យបណ្តាញសង្គមរង្គោះរង្គើយ៉ាងខ្លាំងពោរពេញដោយក្តីអាណិត។ ពិធីការិនី សុភ័ក្រ្ត កុសុម៉ា បាននិយាយថានាងមិនដឹងពីមូលហេតុពិតប្រាកដដែលអ្នកមើលថែដំរីនេះចាកចេញនោះទេ ប៉ុន្តែសង្ឃឹមថានឹងមានដំណោះស្រាយដ៏ល្អ។ ចំណែក Marie Thach វិញបានបង្ហើបថារឿងដំរី lucky គឺជារឿងដែលពិបាកនិយាយ។
.png)
នៅថ្ងៃទី១ កក្កដា ពិធីការិនីនិងជាតារាចម្រៀង សុភ័ក្រ្ត កុសុម៉ា មានក្តីរំជួលចិត្តយ៉ាងខ្លាំង រហូតដល់ស្រក់ទឹកភ្នែក ហើយបានលើកឡើងនៅលើបណ្តាញសង្គមអំពីដំរី Lucky និងលោក ទ្រី ស៊ីថេង ថា « ខ្ញុំមិនដឹងមូលហេតុច្បាស់នៃការចាកចេញរបស់បងប្រុស នោះទេ តែខ្ញុំអាចទាយដឹងរយៈពេល៣០ឆ្នាំដែលបងមើលថែកូនៗគឺពោរពេញដោយ ក្តីស្រលាញ់ ទឹកចិត្ត និងមនោសញ្ចេតនាជ្រាលជ្រៅដែលលុយមិនអាចទិញបាន តើអាចមានដំណោះស្រាយដ៏ល្អណាមួយដែលអាចឱ្យបងប្រុសវិលត្រលប់មកជួបជុំកូនៗវិញបានទេ Lucky មិនដឹងនឹកប៉ាគេយ៉ាងណាទេ »។
ងាកទៅកាន់ Marie Thach វិញបានបង្ហាញអារម្មណ៍ចង់បានយុត្តិធម៌សម្រាប់លោក ទ្រី ស៊ីថេង និង លោក Nick ។ នាងបានសរសេរយ៉ាងដូច្នេះថា «រឿងដំរី lucky គឺជារឿងដែលពិបាកនិយាយ តែអ្វីដែលសំខាន់បំផុតគឺ បង TRY Sitheng មិនមែនគ្រាន់តែជាអ្នកមើលថែដំរីទេ ។ 
គាត់គឺជា ហ្មដំរី ដែលដំរី lucky ជាអ្នកជ្រើសរើស មិនមែនគ្រប់គ្នាអាចធ្វើជាហ្មដំរីបានទេ ហើយដំរីក៏មិនមែនជាសត្វស្រួលមើលថែដែរ តាមិនត្រូវចិត្តជាន់ងាប់ ។ រឿងវាវែងឆ្ងាយ ប្រជាជនកម្ពុជា មិនពេញចិត្តនឹងការចាកចេញរបស់ អ្នកដែលបូជាជីវិតដើម្បីសត្វព្រៃទេ ជាពិសេសលោក Nick ! មានទេយុត្តិធម៌សំរាប់ពួកគាត់ ? ការងារជួយសត្វ និងថែរក្សាសត្វមិនមែនគ្រាន់តែជាការងារយកប្រាក់ខែទេ គឺយកបេះដូងមកធ្វើ»។

គួរបញ្ជាក់ផងដែរថា នៅយប់ថ្ងៃទី៣០ ខែមិថុនា លោក ស៊ីថេង បានបង្ហោះវីដេអូមួយដែលគេបានឃើញដំរី lucky រត់តាមកាក់ម៉ូតូមិនចង់ឱ្យលោកឃ្លាតឆ្ងាញនោះទេ។ លោក ស៊ីថេង ក៏បានសរសេរនៅលើវីដេអូដែរថា «បើអាចយកទៅជាមួយបាន ខ្ញុំយកទៅហើយ ខ្ញុំពិតជារំជួលចិត្តណាស់»។.png)
មុនការចាកចេញពីសួនសត្វភ្នំតាម៉ៅ លោក ទ្រី ស៊ីថេង បានបង្ហាញឱ្យដឹងថាលោក នៅជាមួយសត្វព្រៃរយៈពេល៣០ឆ្នាំមកហើយតាំងពីឆ្នាំ១៩៩៥ ហើយបានមើលថែ lucky តាំងពីឆ្នាំ១៩៩៩៕
 
		 
	









