ប្រទេសថៃ ៖ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ អ្នកនាំពាក្យកងទ័ពជើងគោកថៃបញ្ជាក់ថា កងកម្លាំងបូរ៉ាផា បានផ្ញើលិខិតទៅអន្តោប្រវេសន៍ខេត្តស្រះកែវឱ្យបញ្ជូនមកកម្ពុជា ដើម្បីស្នើសុំបើកព្រំដែនមួយចំនួនឱ្យរថយន្តដឹកទំនិញថៃអាចឆ្លងដែនចេញ-ចូលត្រឹមរយៈពេល ៧ថ្ងៃប៉ុណ្ណោះ និងឱ្យរថយន្តដឹកទំនិញថៃដែលកកស្ទះនៅព្រំដែនខាងកម្ពុជាបានត្រឡប់ទៅថៃវិញ គឺកងទ័ពថៃពុំបានស្នើបើកព្រំដែនឱ្យរថយន្តដឹកទំនិញថៃចេញ-ចូលកម្ពុជាដូចមុនទេ ។ ប៉ុន្តែកម្ពុជាពុំអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទចូល ចេញ ឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ឬច្រកទ្វារតំបន់ណាមួយតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឡើយ ។
លោកឧត្តមសេនីយ វិនឆ័យ សុវ៉ារី អ្នកនាំពាក្យកងទ័ពជើងគោកថៃនិយាយថា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានធ្វើដំណើរទៅពិនិត្យមើលស្ថានការណ៍នៅខេត្តស្រះកែវ និងប្រជុំពិភាក្សាជាមួយមន្ត្រីពាក់ព័ន្ធពីផលប៉ះពាល់ដោយសារវិធានការបិទព្រំដែនកម្ពុជា-ថៃ ដោយលោកស្រីបានឱ្យមន្ត្រីសន្តិសុខប្រជុំជាមួយមន្ត្រីរដ្ឋាភិបាលដើម្បីរកវិធីកាត់បន្ថយផលប៉ះពាល់របស់ពលរដ្ឋ ។

បន្ទាប់មក កិច្ចប្រជុំរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដែលរៀបចំឡើងនៅថ្ងៃទី២៧ ខែមិថុនា បានឯកភាពបន្ធូរបន្ថយសម្រាប់រថយន្តដឹកទំនិញថៃដែលកកស្ទះនៅព្រំដែនកម្ពុជា ជាពិសេស រថយន្តឆ្លងកាត់ព្រំដែនបានឃ្លងលឹក ខេត្តស្រះកែវ (ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ) អាចធ្វើដំណើរឆ្លងដែនទៅកម្ពុជា និងធ្វើដំណើរត្រឡប់មកថៃវិញ ដោយសារការចែកចាយទំនិញរបស់រថយន្តដឹកទំនិញថៃបានចុះបញ្ជីក្នុងប្រព័ន្ធរួចហើយ ។
ហេតុនេះ នៅថ្ងៃទី២៩ ខែមិថុនា កងកម្លាំងបូរ៉ាផា ក៏បានសហការជាមួយស្ថាប័នពាក់ព័ន្ធបញ្ជូនលិខិតទៅកម្ពុជា ដើម្បីស្នើសុំកម្ពុជាបើកព្រំដែនកម្ពុជា-ថៃមួយចំនួនសម្រាប់រថយន្តដឹកទំនិញថៃឆ្លងកាត់ត្រឹមរយៈពេល ៧ថ្ងៃ ។ ប៉ុន្តែថៃទទួលបានដំណឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានពុំអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទចូល ចេញ ឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ឬច្រកទ្វារតំបន់ណាមួយតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឡើយ ។
លោកឧត្តមសេនីយ វិនឆ័យ សុវ៉ារី អ្នកនាំពាក្យកងទ័ពជើងគោកថៃបន្តថា ខាងកម្ពុជាអាចយល់ច្រឡំ ពីព្រោះថៃពុំបានស្នើសុំកម្ពុជាបើកព្រំដែនសម្រាប់ឱ្យរថយន្តដឹកទំនិញថៃចេញ-ចូលដូចមុនទេ ប៉ុន្តែថៃគ្រាន់តែស្នើសុំបើកព្រំដែនមួយចំនួនត្រឹមរយៈពេល៧ថ្ងៃប៉ុណ្ណោះឱ្យរថយន្តដឹកទំនិញថៃចេញ-ចូលដើម្បីកាត់បន្ថយផលប៉ះពាល់ពលរដ្ឋ ។
ដោយឡែក កាលពីថ្ងៃទី២៩ ខែមិថុនា អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានដល់សាធារណជនជាតិ និងអន្តរជាតិ ដែលមានខ្លឹមសារថា អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍មិនអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទចូល ចេញ ឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ឬច្រកទ្វារតំបន់ណាមួយតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឡើយ ។
ការអនុវត្តវិធានការនឹងបន្តរហូតដល់ខាងភាគីថៃបានបើកច្រកទ្វារព្រំដែនអន្តរជាតិនានា និងច្រកទ្វារតំបន់ទាំងអស់ ដែលភាគីថៃសម្រេចបិទជាឯកតោភាគីឱ្យដំណើរការជាប្រក្រតីភាពឡើងវិញ ដូចមុនថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ កន្លងមកនេះ ៕.png)










