ប្រទេសថៃ ៖ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានថៃ Amarin News រាយការណ៍ថា មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បានលើកឡើងពីលិខិតដែលកងកម្លាំងបូរ៉ាផាស្នើបើកព្រំដែនកម្ពុជា-ថៃឱ្យរថយន្តដឹកទំនិញថៃអាចឆ្លងកាត់ព្រំដែន គឺជាលិខិតផ្ទៃក្នុងរបស់ថៃដែលកងកម្លាំងបូរ៉ាផាផ្ញើទៅអភិបាលខេត្តស្រះកែវ ហេតុអ្វីបែកធ្លាយដល់កម្ពុជា? មជ្ឈមណ្ឌលនេះបានសំណូមពរឱ្យពលរដ្ឋថៃប្រើប្រាស់បណ្តាញសង្គមសម្រាប់ទំនាក់ទំនងផ្ទៃក្នុង ពុំមែនចែកចាយព័ត៌មានរហូតដល់បែកធ្លាយលិខិតផ្ទៃក្នុង ។

នៅថ្ងៃទី៣០ ខែមិថុនា លោក ស៊ុរ៉ាសាន់ គុងស៊ិរិ អ្នកនាំពាក្យរងនៃទីបញ្ជាការកងទ័ពថៃ និងអ្នកស្រី ម៉ារ៉ាទី ណាលិតា អាន់ដាម៉ូ អ្នកនាំពាក្យរងក្រសួងការបរទេស បានលើកឡើងពីលទ្ធផលកិច្ចប្រជុំរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃថា អ្នកប្រឆាំងនៅថៃមានផែនការស៊ីជម្រៅដោយបង្កើតស្ថានការណ៍តានតឹងក្នុងតំបន់ធ្វើឱ្យប៉ះពាល់នយោបាយ បែកបាក់ក្នុងសង្គម និងបាត់បង់ទំនុកចិត្តលើការងាររបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងដោយស្ថានការណ៍តានតឹង ។

លិខិតរបស់កងកម្លាំងបូរ៉ាផា ត្រូវបានផ្សព្វផ្សាយក្នុងបណ្តាញសង្គម ដែលខ្លឹមសារលិខិតបញ្ជាក់ពីការស្នើបើកព្រំដែនឱ្យរថយន្តដឹកទំនិញថៃអាចឆ្លងកាត់ព្រំដែនផ្សេងៗ គឺជាលិខិតផ្ទៃក្នុងប្រទេសថៃ ពីព្រោះថៃពុំទាន់ទាក់ទងទៅកម្ពុជាឱ្យបើកព្រំដែនទេ ។ ហេតុនេះ ពុំជ្រាបថា តើលិខិតរបស់កងកម្លាំងបូរ៉ាផាបែកធ្លាយទៅដល់កម្ពុជាដូចម្តេច?

លិខិតនេះចង់ឱ្យផ្ទៃក្នុងថៃទទួលបានព័ត៌មានច្បាស់លាស់សិន មុនពេលទាក់ទងទៅកម្ពុជា ។ ការចេញលិខិត គឺក្រោយពីលោកស្រី ផេថងថាន ទៅខេត្តស្រះកែវ កាលពីថ្ងៃទី២៦ ខែមិថុនា ហើយលោកស្រីបានស្តាប់យោបល់របស់ពលរដ្ឋ ជាពិសេស ឈ្មួញថៃដែលមានរថយន្តដឹកទំនិញកកស្ទះនៅព្រំដែនខាងកម្ពុជា ទើបមានគំនិតបន្ធូរបន្ថយការរឹតបន្តឹងដើម្បីឱ្យរថយន្តដឹកទំនិញថៃអាចឆ្លងដែនបាន ប៉ុន្តែថៃពុំទាន់ទាក់ទងទៅកម្ពុជាផង ស្រាប់តែកម្ពុជាប្រកាសពុំអនុញ្ញាតឱ្យរថយន្តដឹកទំនិញថៃឆ្លងកាត់ព្រំដែន ។

រដ្ឋាភិបាលថៃមានគោលនយោបាយបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ទើបថៃត្រូវរឹតបន្តឹងការឆ្លងដែនជាមួយកម្ពុជា កន្លងមក ក្រសួងការបរទេសថៃបានសហការជាមួយប្រទេសនានា និងអង្គការអន្តរជាតិស្នើឱ្យកម្ពុជាសហការជាមួយថៃដើម្បីកាត់បន្ថយការបាត់បង់ទ្រព្យសម្បត្តិ និងផ្តល់សុវត្ថិភាពដល់ពលរដ្ឋប្រទេសទាំងពីរ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមិថុនា កម្ពុជាទទួលបានដំណឹងថា កងកម្លាំងបូរ៉ាផារបស់ថៃស្នើសុំបើកព្រំដែនមួយចំនួនជាមួយកម្ពុជា ដើម្បីឱ្យរថយន្តដឹកទំនិញថៃដែលកកស្ទះនៅព្រំដែនខាងកម្ពុជាត្រឡប់ចូលប្រទេសថៃវិញ និងអាចបើកបរឆ្លងដែនក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់របស់ពលរដ្ឋ ។ ការស្នើបើកព្រំដែននេះធ្វើតាមការបញ្ជាពីនាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ក្រោយពីលោកស្រីបានមកខេត្តស្រះកែវ ដើម្បីពិនិត្យមើលផលប៉ះពាល់របស់ពលរដ្ឋដោយសារការបិទព្រំដែន ។

នៅថ្ងៃដដែល អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានថា អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍មិនអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទចូល ចេញ ឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ឬច្រកទ្វារតំបន់ណាមួយតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឡើយ ។ ការអនុវត្តវិធានការនឹងបន្តរហូតដល់ខាងភាគីថៃបើកច្រកទ្វារព្រំដែនអន្តរជាតិនានា និងច្រកទ្វារតំបន់ទាំងអស់ ដែលភាគីថៃសម្រេចបិទជាឯកតោភាគីឱ្យដំណើរការជាប្រក្រតីភាពឡើងវិញ ដូចមុនថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ៕