ប្រទេសថៃ ៖ គណៈកម្មការសន្តិសុខកងទ័ពថៃបានធ្វើដំណើរមកកាន់ខេត្តសុរិន្ទ និងនិយាយថា ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃហាក់មានភាពល្អប្រសើរ ប៉ុន្តែនៅពុំទាន់អាចទុកចិត្តកម្ពុជា ។ ហេតុនេះ កងទ័ពថៃពុំគួរកាត់បន្ថយការប្រុងប្រយ័ត្នរបស់ខ្លួនទេ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ។

លោក សាវ៉ាត់ ថាក់សាណា នាយកគណៈកម្មការសន្តិសុខកងទ័ពថៃ ព្រមទាំងមន្ត្រីពាក់ព័ន្ធបានធ្វើដំណើរមកខេត្តសុរិន្ទជាប់ព្រំដែនកម្ពុជា ដើម្បីទទួលរបាយការណ៍ពីប្រតិបត្តិការរបស់កងកម្លាំងសុណារី បន្ទាប់មក លោក និងមន្ត្រីពាក់ព័ន្ធក៏បានឡើងទស្សនាប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងផ្តល់កម្លាំងចិត្តដល់កងទ័ពរបស់ខ្លួន ។
.jpg)
លោក សាវ៉ាត់ និយាយថា មើលទៅស្ថានការណ៍ហាក់ធូរស្រាលហើយ ប៉ុន្តែតាមការផ្សព្វផ្សាយព័ត៌មាន គឺកម្ពុជាពុំបានដកថយកងទ័ព និងលុបរណ្តៅដីនៅតាមព្រំដែនទេ ។ យើងពុំអាចទុកចិត្ត កម្ពុជាអាចដកថយកងទ័ពមួយរយៈ ប៉ុន្តែកម្ពុជានឹងបង្កើនកម្លាំងកងទ័ព ឬធ្វើដំណើរចូលមកក្នុងតំបន់ ពីព្រោះកម្ពុជាមានភាពងាយស្រួលជាងថៃទាំងផ្លូវធ្វើដំណើរក៏ងាយស្រួល និងជិតជាង ។ ហេតុនេះ ស្ថានការណ៍អាចប្រែប្រួល ឬផ្លាស់ប្តូរគ្រប់ពេលវេលា ។
លោក សាវ៉ាត់ បានផ្តាំផ្ញើទៅកាន់កងទ័ពរបស់ខ្លួនថា ប្រទេសថៃទទួលស្តាប់ ប៉ុន្តែកុំទុកចិត្ត ឬកាត់បន្ថយការប្រុងប្រយ័ត្នខ្លាំងពេក ។ យើងត្រូវតែប្រុងប្រយ័ត្ន និងរក្សាស្ថានការណ៍មួយរយៈ ។

ចំណែកកិច្ចប្រជុំគណៈកម្មការព្រំដែនរួម (JBC) នាថ្ងៃទី១៤ ខែមិថុនា លោក សាវ៉ាត់ បញ្ជាក់ថា ថៃរៀបចំផែនការរួចហើយ ពីព្រោះសារព័ត៌មានបានផ្សព្វផ្សាយរហូតថា កម្ពុជានឹងពុំប្រជុំ JBC ហើយកម្ពុជានឹងដោះស្រាយបញ្ហាព្រំដែននៅតុលាការយុត្តិធម៌អន្តរជាតិ ។ ហេតុនេះ យើងនឹងរង់ចាំមើលកិច្ចប្រជុំនឹងធ្វើឡើងនៅកម្ពុជាមិនខាន ប៉ុន្តែលទ្ធផលកិច្ចប្រជុំ ឬលទ្ធផលការពិភាក្សាគ្នាដូចម្តេច គឺត្រូវរង់ចាំមើលបន្តទៀត ។

គណៈកម្មការសន្តិសុខកងទ័ពថៃបានផ្តល់កម្លាំងចិត្ត និងប្រគល់បន្តោងព្រះដល់កងទ័ពថៃនៅប្រាសាទតាមាន់ធំ រួមទាំងដើរពិនិត្យមើលបរិវេណក្នុងប្រាសាទ និងប្រមូលព័ត៌មានផ្សេងៗ ។ បន្ទាប់មក គណៈកម្មការសន្តិសុខកងទ័ពថៃក៏បានទៅផ្តល់កម្លាំងចិត្តដល់កងទ័ពថៃនៅប្រាសាទតាក្របីផងដែរ ៕










