បវរកញ្ញា កុយ អេនណា បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍និងមានការសរសើរ ចំពោះនាងបន្ទាប់ពីបង្ហាញខ្លួនជា អប្សរាយ៉ាងស្រស់ស្អាតនៅឯប្រាសាទព្រះវិហារ លើកំពូលភ្នំដងរែក។ បន្ទាប់ពីទៅដល់ប្រាសាទព្រះវិហារ អេនណា បានលាន់មាត់ថា លើសពីភាពស្រស់ស្អាតនិងអស្ចារ្យ។
នៅថ្ងៃទី១០ មិថុនា នេះ កុយ អេនណា បានបង្ហាញវីដេអូខ្លីៗនៅលើបណ្តាញសង្គមរបស់ ខ្លួនជាមួយនឹងឈុតអប្សរារួមទាំងទីតាំងដែលនាងនិងក្រុមការងារកំពុងស្ថិតនៅគឺប្រាសាទព្រះវិហារ។ តាមការបញ្ជាក់របស់ កុយ អេនណា នៅក្នុងផ្នែកមតិយោបល់បានឱ្យដឹង ឈ្មោះថា គឺ អប្សរា ស្រីសិខគិរីស្វរៈ ដែល តំណាងថា អប្សរាបា្រសាទព្រះវិហារ ព្រោះប្រាសាទនេះកសាង ឡើងដើម្បី ទន្ទិសថ្វាយដល់ ស្រីសិខគិរីស្វរៈ ។

ជាមួយនឹងការបង្ហាញខ្លួនយ៉ាងស្រស់ស្អាតពេញដោយវប្បធម៌ខ្មែរទៅកាន់ទីកន្លែងមួយនេះ កុយ អេនណា បានបង្ហាញអារម្មណ៍រំភើបថា ទីនេះលើសពីភាពស្រស់ស្អាតនិងអស្ចារ្យ។
កន្លងមកថ្មីៗនេះ មានការបង្ហាញថាប្រាសាទព្រះវិហារគឺស្ងាត់ភ្ញៀវទេសចរណាស់ ពុំសូវមានអ្នកទៅលេងនោះទេ ខណៈប្រាសាទដ៏អស្ចារ្យរបស់ខ្មែរដែលថៃចង់បានឡើងញាក់សាច់នេះរង់ចាំភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅលេង។

ការបង្ហាញខ្លួនរបស់ កុយ អេនណា ស្របពេលដែលប្រាសាទព្រះវិហារពុំសូវមានភ្ញៀវទេសចរទៅដល់នោះប្រៀបដូចជាឱកាសមួយដែលជួយផ្សេព្វផ្សាយនឹងរម្លឹកទៅកាន់ប្រជាជនថាប្រាសាទដ៏អស្ចារ្យមួយនេះកំពុងទន្ទឹងរង់ចាំជានិច្ច។
ជារឿយៗ កុយ អេនណា បានបង្ហាញរូបភាពតំបន់ទេសចរណ៍ជាច្រើនកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា ខណៈកាលពីកន្លងមកនេះរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានពោលសរសើរមិនដាច់ពីមាត់ទៅកាន់នាង ដែលប្រឹងប្រែងជួយផ្សព្វផ្សាយពីវប្បធម៌ខ្មែរដោយឆ្លងកាត់ការលំបាកយ៉ាងខ្លាំង។
ស្របពេលបង្ហាញខ្លួនក្នុងកម្មវិធីតូចធំជាច្រើននិងជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍អ្នកគាំទ្រក៏កំពុងរង់ចាំ កុយ អេនណា ចូលរួមប្រកួតសម្រស់សាជាថ្មីម្តងទៀតផងដែរ៕
		
	









