ប្រទេសចិន ៖ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានចិនរាយការណ៍ថា ស្បែកជើងកុមារដែលលក់ដាច់បំផុតតាមកម្មវិធីអនឡាញចំនួន៥ នៅប្រទេសចិន ត្រូវបានត្រួតពិនិត្យឃើញផ្ទុកសារធាតុពុលក្នុងបរិមាណលើសកម្រិតស្តង់ដាររាប់រយដង ហើយស្បែកជើងផ្ទុកសារធាតុពុលបានលក់ចេញជាង១លានគូ ។ បើតាមអ្នកជំនាញចិន គឺការពាក់ស្បែកជើងនេះនឹងបណ្តាលឱ្យកុមារកើតជំងឺហឺត និងលូតលាស់ខុសធម្មតា ។

មជ្ឈមណ្ឌលអភិវឌ្ឍន៍សុខុមាលភាពសាធារណៈសម្រាប់បរិស្ថានគ្មានកាកសំណល់នៅទីក្រុងសិនជិន ខេត្តក្វាងទុង បានត្រួតពិនិត្យរកសារធាតុពុលដោយទិញស្បែកជើងកុមារ ចំនួន១០ប្រភេទដែលលក់ដាច់បំផុតក្នុងកម្មវិធីអនឡាញចំនួន៥ នៅចិន បន្ទាប់មក បញ្ជូនស្បែកជើង៥០គូទៅត្រួតពិនិត្យក្នុងបន្ទប់ពិសោធន៍ ។ លទ្ធផលការពិនិត្យឃើញថា ស្បែកជាង២៥គូ ក្នុងចំណោម៥០គូ មានផ្ទុកសារធាតុ Phthalate លើសស្តង់ដារជាមធ្យមរហូតដល់៥០៩ដង ក្នុងនោះស្បែកជើង១ប្រភេទមានផ្ទុកសារធាតុ Phthalate រហូតដល់៤៩៦ដង ដែលស្បែកជើងនេះបានលក់ចេញជាង១លានគូ ។

តើសារធាតុ Phthalate គឺជាអ្វី?
Phthalate គឺជាសារធាតុធ្វើឱ្យផ្លាស្ទិកទន់ និងមានតម្លៃថោក ។ សារធាតុនេះត្រូវបានប្រើប្រាស់យ៉ាងច្រើនក្នុងផលិតផលផ្លាស្ទិកទូទៅ និងសម្ភារៈក្មេងលេង សម្រាប់ជួយឱ្យផ្លាស្ទិកមានសភាពស្វិតអាចបត់បែនបាន និងពុំងាយបាក់ ។ 
សារធាតុនេះអាចចូលក្នុងខ្លួនតាមរយៈស្បែក និងការដកដង្ហើម បើប៉ះពាល់ និងស្រូបក្លិនវារយៈពេលយូរនឹងប៉ះពាល់ដល់ការលូតលាស់របស់កុមារ រួមមាន ៖ កើតជំងឺហឺត, លូតលាស់ខុសធម្មតា (ឆាប់ពេញវ័យ), ការអភិវឌ្ឍប្រព័ន្ធបន្តពូជមិនពេញលេញ, ខ្វះសមាធិ និងការផ្ចង់អារម្មណ៍ ។ រីឯមនុស្សចាស់ដែលប៉ះពាល់សារធាតុ Phthalate រយៈពេលយូរនឹងធ្វើឱ្យមេជីវិតឈ្មោលបុរសធ្លាក់ចុះ, ប្រែប្រួលអ័រម៉ូនសម្រាប់ស្ត្រី និងប៉ះពាល់ការលូតលាស់របស់ទារកក្នុងផ្ទៃ ។ 
ហេតុនេះ អ្នកជំនាញណែនាំឱ្យចៀសវាងពាក់ស្បែកជើងមានក្លិនផ្លាសិ្ទក ឬសារធាតុគីមីខ្លាំង បើស្បែកជើងធុំក្លិនខ្លាំងពេកត្រូវប្រគល់វាឱ្យអ្នកលក់វិញ ។ គួរជ្រើសរើសស្បែកជើងមានម៉ាក ឬស្លាកសញ្ញាច្បាស់លាស់ បើបាតស្បែកជើងទន់ខុសធម្មតា ឬពត់បាន មានន័យថា ស្បែកជើងនេះមានសារធាតុ Phthalate ច្រើន ។ ក្រៅពីនេះ ត្រូវយកស្បែកជើងថ្មីទៅដាក់ទៅទីវាលមានខ្យល់ប្រមាណ៣ថ្ងៃមុនពាក់ ដើម្បីឱ្យសារធាតុ Phthalate ហួតលឿនក្នុងអាកាសធាតុក្តៅ ៕










