ប្រាសាទតាមមាន់ធំ គឺជាប្រាសាទដែលស្ថិតនៅលើខ្នងភ្នំដងរែក និងសំខាន់មួយទៀត បន្ទាប់ពីប្រាសាទព្រះវិហារ។ ប្រាសាទនេះមានលក្ខណៈពិសេសសជាច្រើន ពាក់ព័ន្ធនឹងការសាងសង់ និងជំនឿ យ៉ាងគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែពុំសូវមានអ្នកដឹងនោះទេ។
យោងតាមរដ្ឋបាលខេត្តឧត្តមានជ័យ ប្រាសាទតាមាន់ធំ មានទីតាំងស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ប្រាសាទនេះមានទំហំ ៦០មX៦០ម សាងសង់ អំពីថ្មភក់ ស្ថិតនៅលើខ្នងភ្នំដងរែក គឺជាសំណង់ប្រាសាទមួយ ដែលបានសាងសង់រួចហើយ ប៉ុន្តែផ្ទៃភាគច្រើននៃប្រាសាទ បែរជាចម្លាក់រចនា នៅមិនទាន់ឆ្លាក់រួចរាល់ទៅវិញ។ អ្នកជំនាញបុរាណវិទ្យាមិនអាចបញ្ជាក់បានទេថា តើកត្តានេះអាចបណ្ដាលមកពីមានការរំខានណាមួយក្នុងអំឡុងពេលសាងសង់ ឬមួយយ៉ាងណា?
លក្ខណៈទូទៅមួយទៀត គឺប្រាសាទខ្មែរភាគច្រើនតែងសាងសង់បែរមុខទៅទិសខាងកើត ខុសប្លែកពីប្រាសាទតាមមាន់ធំនេះ បែរជាមានកំពែង ព័ទ្ធជុំវិញបែរទៅរកទិសខាងត្បូងដែលធ្វើឲ្យគេឆ្ងល់ថាមកពីហេតុអ្វី? នេះដោយយោងទៅតាមតម្រូវការចាំបាច់នៃទីតាំង ភូមិសាស្រ្ត គឺខ្ពង់រាប ចំណុចនេះមានចម្រាក់បែរទៅរក ទិសខាងត្បូង។ ចំណែកឯតួប្រាសាទទាំងមូល សាងសង់ មកជាប់នឹងចម្រាក់ដីតែម្តង។

បើតាមប្រភពឯកសារមួយចំនួនបានបញ្ជាក់ថា ប្រាសាទតាមាន់កសាងឡើងក្នុងសតវត្សទី១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (១០០២-១០៥០) និងឧទ័យទិត្យវរ្ម័នទី២ (១០៥០-១០៦៦)។ តាមរយៈសំណង់ស្ថាបត្យកម្ម និងការតុបតែងលំអ នៅតាមថែវ និងហោជាងរបស់ប្រាសាទបានបញ្ជាក់ថា គឺស្ថិតនៅក្នុងរចនាបថឃ្លាំង និងបាពួនហើយឧទ្ទិស ថ្វាយដល់ព្រះសិវៈ។ នៅក្នុងប្រាសាទនេះ មានតម្កល់ សសរលិង្គរបស់ព្រះសិវៈ ដែលកើតឡើងដោយឯកឯង ហៅថា «ស្វ័យម្ភូវលិង្គ»។ ទីនេះក៏ជាកន្លែងដ៏ពិសិដ្ឋមួយ ដែលស្ថិតនៅក្បែរផ្លូវបុរាណចេញពីក្រុងអង្គរទៅកាន់«ប្រាសាទភិម័យ» បច្ចុប្បន្នស្ថិតនៅក្នុងប្រទេសថៃ។
ចំណុចដែលគួរអោយចាប់អារម្មណ៍មួយទៀត គេពុំបានពង្រាបដីលើភ្នំឱ្យស្មើដើម្បីសាងសង់ប្រាសាទឡើយ គឺគេយកថ្មមកសាងសង់ផ្ទាល់លើថ្មភ្នំ ដោយគ្រាន់តែដាប់ឱ្យស្មើល្មមៗតែប៉ុណ្ណោះ ហើយមានការសន្នដ្ឋានថាថ្មដែលយកមកសាងសង់ប្រាសាទទាំងអស់ អាចជាថ្មដែលដាប់ចេញពីថ្មភ្នំតែម្ដង។
បើតាមចាស់ៗរស់នៅក្នុងតំបន់នោះបាននិទានតៗគ្នាបានឲ្យដឹងថា ប្រាសាទនេះពីដើមមានឈ្មោះថា «ប្រាសាទតាមទាន់» តែក្រោយមកក្លាយទៅជាប្រាសាទតាមាន់ ឬ ប្រាសាទតាមាន់ធំ។ តាមរយៈការធ្វើកំណាយរបស់អ្នកស្រាវជ្រាវមកពីក្រុមសិល្បៈករ (សៀម) គេបានរកឃើញសិលាចារឹកជាច្រើនផ្ទាំង និងបុរាណវត្ថុជាច្រើនទៀតនៅក្នុងប្រាសាទនេះ ហើយវត្ថុបុរាណទាំងនោះត្រូវបានគេប្រមូលយកទុករក្សានៅក្នុងឃ្លាំង និងតាំងបង្ហាញក្នុងសារមន្ទីរខេត្តសុរិន្ទ្រ។
គេតែងសង្កេតឃើញមានមនុស្សជាច្រើន មានទាំងប្រជាជនខ្មែរដែលរស់នៅក្នុងតំបន់ បងប្អូនខ្មែរសុរិន្ទ និងប្រជាជនថៃ បានមកកាន់កន្លែងនេះ ដើម្បីគោរពបូជានិងថ្វាយផ្កាភ្ញីផ្សេងៗ ហើយក្នុងនោះដែរ ក៏មានការធ្វើពិធីថ្វាយភ្លេងជារៀងរាល់ឆ្នាំផងដែរ។ នេះអាចសបញ្ជាក់ឲ្យឃើញថា «ប្រាសាទតាមាន់ធំ» គឺជាទេវស្ថានមួយ ដែលមនុស្សជាច្រើននៅតែមានជំនឿលើ៕










