ប្រទេសថៃ ៖ បន្ទាប់ពីមានគ្រោះទឹកជំនន់ និងភ្លៀងធ្លាក់នៅតាមខេត្តមួយចំនួន ការព្រមានអំពីហានិភ័យនៃជំងឺ melioidosis ពីក្រសួងសុខាភិបាលថៃទៅកាន់ពលរដ្ឋដែលរស់នៅតាមទីជនបទ ជាពិសេសកសិករឲ្យមានការប្រុងប្រយ័ត្ន បន្ទាប់ពីការឆ្លងបានកើនឡើងដល់ 147ករណី និងមានអ្នកស្លា.ប់ផងដែរគិតចាប់ពីដើមឆ្នាំ 2025មក។ នេះបើយោងតាម The Nation សារព័ត៌មានរបស់ប្រទេសថៃ។

វេជ្ជបណ្ឌិត Taweechai Wisanuyothin ប្រធានការិយាល័យគ្រប់គ្រងជំងឺប្រចាំតំបន់ទី 9 ដែលមានមូលដ្ឋាននៅខេត្ត Nakhon Ratchasima បានរាយការណ៍អំពីការផ្ទុះឡើងវិញនៃ melioidosis ក្នុងតំបន់ ដោយមានករណីបញ្ជាក់ចំនួន 147 ករណី និងមានអ្នកស្លាប់ចំនួន 5 នាក់ ចាប់តាំងពីដើមឆ្នាំរហូតដល់ថ្ងៃទី 19 ខែឧសភា។ ចំនួនករណីខ្ពស់បំផុតត្រូវបានរាយការណ៍នៅក្នុងខេត្ត Buriram ដោយមានការឆ្លងចំនួន 61 នាក់ និងស្លាប់ 1នាក់។ នេះតាមពីក្រោយដោយខេត្តសុរិន្ទ (37ករណី) នគររាជសីមា (33ករណី ស្លាប់1នាក់) និងឆៃភូម (16ករណី ស្លាប់3នាក់)។

គួរជម្រាបថា ជំងឺ «melioidosis» គឺបណ្តាលមកពីបាក់តេរី burkholderia pseudomallei ដែលត្រូវបានរកឃើញជាទូទៅនៅក្នុងដី និងទឹក ជាពិសេសនៅតំបន់កសិកម្ម ដូចជាវាលស្មៅ វាលស្រែ និងដីចម្ការ។ Melioidosis មិនបង្ហាញរោគសញ្ញាមិនជាក់លាក់ដែលនោះទេ។ ដោយអ្នកខ្លះអាចកើតមានគ្រុនក្តៅខ្លាំង ឡើងកន្ទួលរមាស់ ឬដំបៅលើស្បែក រោគសញ្ញាផ្លូវដង្ហើម ហើយការឆ្លងមេរោគដែលរីករាលដាលជាប្រព័ន្ធទៅកាន់សរីរាង្គផ្សេងៗ គឺជាករណីធ្ងន់ធ្ងរអាចបណ្តាលឱ្យស្លា.ប់បាន។
បើតាមការរាយការណ៍ ភាគច្រើននៃអ្នកជំងឺគឺជាមនុស្សចាស់ ជាពិសេសអ្នកដែលមានអាយុចាប់ពី 65 ឆ្នាំឡើងទៅ បន្ទាប់មកគឺបុគ្គលដែលមានអាយុពី 55-64 និង 45-54ឆ្នាំ។ ជាពិសេសអ្នកប្រកបរបរធ្វើស្រែចម្ការ និងកសិកម្មទទួលរងផលប៉ះពាល់ខ្លាំងជាងគេ។ ក្រៅពីនេះ ក្រុមមនុស្សដែលមានជំងឺរ៉ាំរ៉ៃដូចជា ជំងឺទឹកនោមផ្អែម ជំងឺតម្រងនោម ជំងឺ thalassaemia ឬប្រព័ន្ធភាពស៊ាំចុះខ្សោយ ក៏មានហានិភ័យខ្ពស់ផងដែរ ព្រោះប្រព័ន្ធការពាររាងកាយរបស់ពួកគេចុះខ្សោយ ធ្វើឱ្យពួកគេងាយនឹងឆ្លងមេរោគនេះធ្ងន់ធ្ងរ។
ចំពោះរបៀបដែលមេរោគនេះឆ្លងគឺតាមរយៈ ៖ ការប៉ះពាល់ផ្ទាល់ទៅលើដីដែលមានផ្ទុកមេរោកនេះជាមួយដៃ ឬជើងដែលកំពុងមានរបួស, ការផឹកទឹកមិនស្អាត ឬយកទឹកនោះទៅដាំស្ល និងការស្រូបចូលនៃកម្ទិចធូលីតាមផ្លូវដង្ហើម។ ចំណែករោគសញ្ញានឹងបង្ហាញឡើងនៅរយៈពេល 1 ទៅ21ថ្ងៃបន្ទាប់ ប៉ុន្តែក្នុងករណីខ្លះវាអាចចំណាយពេលយូរជាងនេះក្នុងការបញ្ចេញរោគសញ្ញា អាស្រ័យលើបរិមាណបាក់តេរី និងការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំរបស់មនុស្សម្នាក់ៗ។
បច្ចុប្បន្នវាមិនទាន់មានវ៉ាក់សាំងការពារ ឬថ្នាំព្យាបាលជាក់លាក់នោះទេ ដូច្នេះវិធីការពារមានដូចជា៖
-ចៀសវាងការដើរ ឬត្រាំក្នុងភក់ដោយផ្ទាល់ ត្រូវពាក់ស្បែកជើងកវែង ឬសម្លៀកបំពាក់មិនជ្រាបទឹក
-ការពារមុខរបួសឲ្យបានត្រឹមត្រូវ ត្រូវរកអ្វីមកបិទមុខរបួសឲ្យជិតល្អ
-ត្រូវលាងសម្អាតខ្លួន ឬងូតទឹកភ្លាមបន្ទាប់ពីត្រឡប់មកពីធ្វើការងារនៅស្រែចម្ការ
-ទទួលទានតែទឹកស្អាត ឬឆ្អិន
-ប្រសិនបើនរណាម្នាក់ដែលមានគ្រុនក្តៅខ្លាំងភ្លាមៗ ឈឺក្បាល ឬឈឺសាច់ដុំ បន្ទាប់ពីប៉ះពាល់នឹងភក់ ឬទឹកជំនន់ គួរតែស្វែងរកខាងវេជ្ជសាស្ត្រជាបន្ទាន់ ហើយប្រាប់គ្រូពេទ្យអំពីសកម្មភាពថ្មីៗរបស់ពួកគេ សម្រាប់ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងការព្យាបាលភ្លាមៗ៕










