វៀតណាម ៖ មជ្ឈមណ្ឌលត្រួតពិនិត្យគុណភាពផ្លែឈើនៅក្នុងប្រទេសវៀតណាម Hoan Vu បានត្រួតពិនិត្យឃើញសារធាតុគីមីCadmium នៅក្នុងផ្លែទុរេនភាគច្រើន។ សារធាតុនេះ ត្រូវបានគេដឹងថាជាសារធាតុលោហៈធ្ងន់មួយប្រភេទដែលអាចបង្ករឲ្យខូចអវយៈសំខាន់ៗក្នុងរាងកាយដូចជា សួត ថ្លើម និង ក្រលៀនជាដើម។

យោងតាមសារព័ត៌មាន VNExpress កាលពីថ្ងៃទី២១ ខែឧសភា នេះបានឲ្យដឹងថា ក្រៅពីរកឃើញសារធាតុ Basic Yellow 2 (BY2) ដែលជាសារធាតុបង្កមហារីក ថ្មីៗនេះគេក៏បានពិនិត្យឃើញនូវសារធាតុដ៏កាចសាហាវមួយប្រភេទទៀតហៅថា កាដម្យូម (Cadmium) ។ លោក Henry Bui អគ្គនាយកនៃមជ្ឈមណ្ឌលត្រួតពិនិត្យ Hoan Vu បានអះអាងថា៖ សារធាតុគីមីពុលដែលមាននៅក្នុងផ្លែទុរេននេះ ភាគច្រើនគឺមានប្រភពមកពីជីដែលកសិករប្រើប្រាស់ក្នុងការដាំដុះដំណាំទុរេនដើម្បីឲ្យវាឆាប់លូតលាស់ល្អ។
ជុំវិញការឃើញនេះ គេបានពិនិត្យឃើញសារធាតុ កាដម្យូម (Cadmium) នៅក្នុងជីដែលមានតម្លៃថោក គ្មានស្តុង់ដាផលិតត្រឹមត្រូវ និងគ្មានសុវត្ថិភាពក្នុងការប្រើប្រាស់។ ដូច្នេះពេលនេះអាជ្ញាធរវៀតណាមកំពុងចាត់វិធានការទប់ស្កាត់ ការចែកចាយផលិតផលជីដែលគ្មានគុណភាពទាំងនេះទៅឲ្យកសិករតទៅទៀត ព្រោះកសិករតែងតែចង់បានជីកសិកម្មដែលអាចផ្ដល់ទិន្នផលខ្ពស់ និងមានតម្លៃថោកប៉ុណ្ណោះ ហើយកសិករទាំងនោះមិនបានដឹងទេថានៅក្នុងជីតម្លៃថោកទាំងនោះមានផ្ទុកនូវសារធាតុគិមីពុល និងកា.ចសាហា.វដូចនេះ។
ពេលនេះ អាធ្ញាធរវៀតណាមកំពុងចាត់វិធានការរយៈពេលខ្លី ដើម្បីការកែលម្អដី កាត់បន្ថយការស្រូបយកសារធាតុ cadmium ការបង្កើន pH ដីជាមួយនឹងកំបោរ ឬសារធាតុផ្សេងទៀត ការប្រើប្រាស់ទឹកភ្លៀង ឬសារធាតុស្រូបយកលោហធាតុធ្ងន់ និងការដាំដំណាំដែលស្រូបយកសារធាតុ cadmium ជាដំណោះស្រាយជីវសាស្រ្តបណ្តោះអាសន្ន។
គួរជម្រាបថា សារធាតុ កាដម្យូម នេះបានជ្រាបចូលទៅក្នុងដីនៅពេលដែលកសិករប្រើប្រាស់ជីគុណភាពអន់ទាំងនោះយូរឆ្នាំទៅ។ អាជ្ញាធរវៀតណាមព្រមានថា នេះមិនមែនជាផលល្អឡើយសម្រាប់កេរ្តិ៍ឈ្មោះដំណាំកសិកម្មនៅវៀតណាម ព្រោះកន្លងទៅមុននេះបន្តិចប្រទេសចិនបានរឹតបន្តឹងការនាំចូលផលិតផលផ្លែឈើពីប្រទេសវៀតណាម ក្រោយគយចិនបានរកឃើញសារធាតុ BY2 ដែលជ្រលក់ផ្លែទុរេនឲ្យឆាប់ទុំ និងនៅស្រស់បានយូរ។
គួររំលឹកថា កាលពីឆ្នាំ2024 វៀតណាមលក់ទុរេនបានក្នុងចំនួនទឹកប្រាក់ប្រមាណ 3,300 លានដុល្លារអាមេរិក។ ប៉ុន្តែនៅក្នុងរយៈពេលដូចគ្នានៅក្នុងឆ្នាំ2025នេះ ការនាំចេញទុរេនរបស់វៀតណាមបានធ្លាក់ចុះត្រឹម 130 លានដុល្លារ ធ្លាក់ចុះ 74% ដែលធ្វើឲ្យទុរេនវៀតណាមក្នុងពេលនេះនៅសល់កកកុញ ហើយលក់ចេញក្នុងតម្លៃត្រឹមតែ ~$1.18 ប៉ុណ្ណោះក្នុង1 គីឡូក្រាម៕










