ប្រទេសចិន ៖ ស្របពេលប្រទេសនានាលើពិភពលោក ប្រឈមនឹងចំនួនពលរដ្ឋធ្លាក់ចុះ ប៉ុន្តែចិនមិនត្រឹមតែប្រឈមនឹងបញ្ហាពលរដ្ឋធ្លាក់ចុះប៉ុណ្ណោះទេ គឺចិនមានបញ្ហាបុរសរាប់លាននាក់ពុំអាចស្វែងរកស្ត្រីមករៀបអាពាហ៍ពិពាហ៍បាន ។ បច្ចុប្បន្ន បុរសចិនអាយុចាប់ពី៣០ឆ្នាំ ទៅ៤០ឆ្នាំ ស្មើជិត៣៥លាននាក់ ខ្វះគូស្នេហ៍ ដោយសាររដ្ឋាភិបាលចិនអនុវត្តគោលនយោបាយកំណត់ឱ្យពលរដ្ឋមានកូនតែម្នាក់អស់រយៈពេលជាច្រើនឆ្នាំ ហើយពលរដ្ឋចិនស្រឡាញ់ និងផ្តល់តម្លៃឱ្យកូនប្រុសខ្លាំងជាងកូនស្រី ។
តាមទិន្នន័យជំរឿនពលរដ្ឋចិនក្នុងឆ្នាំ២០២០ បង្ហាញថា ប្រទេសចិនមានបុរសច្រើនជាងស្ត្រី ប្រមាណ៣៤លាន៩សែននាក់ ហើយភាពខុសគ្នានេះ គឺជាមូលហេតុធ្វើឱ្យបុរសចិនពិបាកស្វែងរកគូស្នេហ៍ ។ លើសពីនេះ ការរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីធ្លាក់ចុះ ដោយសារថ្លៃបណ្ណាការដែលបុរសចិនត្រូវប្រគល់ជូនក្រុមគ្រួសារខាងកូនក្រមុំក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ បានកើនឡើងខ្ពស់រហូតដល់ជិត១សែន៤ម៉ឺនយាន់ (ឬជិត២ម៉ឺនដុល្លារ) ដែលធ្វើឱ្យបុរសចិនពុំអាចរៀបអាពាហ៍ពិពាហ៍ជាមួយស្ត្រីចិនបាន ហើយពួកគេត្រូវទទួលបន្ទុកផ្គត់ផ្គង់គ្រួសារ ។.png)
អ្នកជំនាញនៅប្រទេសចិនព្យាយាមដោះស្រាយបញ្ហានេះ ដោយឱ្យបុរសចិនរៀបអាពាហ៍ពិពាហ៍ជាមួយស្ត្រីបរទេស ជាពិសេស ស្ត្រីរុស្ស៊ី ដែលមានចំនួនច្រើនជាងបុរស រហូតដល់១០លាននាក់ ហើយអ្នកជំនាញក៏បានណែនាំឱ្យបុរសចិនរៀបអាពាហ៍ពិពាហ៍ជាមួយស្ត្រីរស់នៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផងដែរ ។ ប៉ុន្តែមានមតិជាច្រើនបារម្ភពីការលើកឡើងរបស់អ្នកជំនាញ ដែលឱ្យបុរសចិនរៀបការជាមួយស្ត្រីបរទេស ដោយសារអាចមានបញ្ហាជួញដូរមនុស្សឆ្លងប្រទេស រួមទាំងឧបសគ្គផ្នែកភាសា និងវប្បធម៌ធ្វើឱ្យគ្រួសារបែកបាក់ ។
ក្រៅពីចិនប្រឈមនឹងបញ្ហាបុរសរាប់លាននាក់ខ្វះគូស្នេហ៍ ចិនក៏មានបញ្ហាចំនួនពលរដ្ឋធ្លាក់ចុះផងដែរ ដោយសារពលរដ្ឋចិនពុំចង់រៀបអាពាហ៍ពិពាហ៍ និងពុំចង់មានកូន ។ រដ្ឋាភិបាលចិនបានជំរុញឱ្យពលរដ្ឋរៀបការ ដោយផ្តល់ប្រាក់ឧបត្ថម្ភ និងកំណត់វិធានការលើកទឹកចិត្តផ្សេងៗ ប៉ុន្តែនៅតែពុំទទួលបានលទ្ធផល ហើយពលរដ្ឋចិនបានធ្លាក់ចុះខ្លាំងបំផុត នារយៈពេល៣៩ឆ្នាំមកនេះ ។

កាលពីឆ្នាំ២០២៤ ពលរដ្ឋចិនដែលបានរៀបអាពាហ៍ពិពាហ៍បានដាក់ពាក្យប្តឹងលែងលះកាន់តែច្រើន គឺស្មើ២លាន៦សែនគូ ឬដាក់ពាក្យលែងលះលើសឆ្នាំ២០២៣ រហូតដល់២៨,០០០គូ ។ មូលហេតុចម្បងធ្វើឱ្យពលរដ្ឋចិនពុំចង់បង្កើតក្រុមគ្រួសារ ដោយសារពួកគេខ្វះខាតថវិកាសម្រាប់ចិញ្ចឹមថែទាំកូន បង់ថ្លៃសាលា រួមទាំងយុវជនភាគច្រើនគ្មានការងារធ្វើ ។ ទោះជាបច្ចុប្បន្ន ចិនមានពលរដ្ឋ ស្មើជាង១ពាន់៤រយលាននាក់ ស្ថិតក្នុងលំដាប់ទី២ លើពិភពលោក បន្ទាប់ពីឥណ្ឌា ប៉ុន្តែក្នុងចំនួននេះ គឺចិនសម្បូរពលរដ្ឋអាយុច្រើន ៕










