សហរដ្ឋអាមេរិក ៖ តើធ្លាប់ឆ្ងល់ទេថា ហេតុអ្វីពលរដ្ឋអាមេរិកពុំសូវនិយមសាងសង់របងព័ទ្ធជុំវិញលំនៅឋាន? បើមានអ្នកណាម្នាក់មករក គឺគ្រាន់តែដើរតាមវាលស្មៅ និងអាចគោះទ្វារលំនៅឋានតែម្តង ពុំចាំបាច់ឈរនៅមុខរបងទេ ។ វាខុសគ្នាពីលំនៅឋាននៅបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានរបងខ្ពស់ៗព័ទ្ធជុំវិញស្ទើរទាំងអស់ ខណៈលំនៅឋានខ្លះមានរបងជិតដល់ដំបូល ។.png)
មនុស្សភាគច្រើនគិតថា វាគ្មានអ្វីប្លែកទេ ដោយសារនៅអាមេរិកមានសុវត្ថិភាព និងពុំចាំបាច់សាងសង់របងព័ទ្ធជុំវិញលំនៅឋាន ។ ការគិតបែបនេះក៏ត្រឹមត្រូវដែរ ប៉ុន្តែប្រទេសផ្សេងៗទៀតដែលមានការប្រព្រឹត្តល្មើសច្បាប់តិចបំផុតលើពិភពលោក ដូចជា ៖ ជប៉ុន និងសិង្ហបុរី បែរជាពលរដ្ឋសាងសង់របងជុំវិញលំនៅឋាន ។ ដូច្នេះ វាអាចមកពីមូលហេតុផ្សេងពីនេះ ដែលធ្វើឱ្យពលរដ្ឋអាមេរិកពុំនិយមសាងសង់របង ។

លំនៅឋានពលរដ្ឋអាមេរិក ជាពិសេស លំនៅឋាននៅកណ្តាលក្រុង គឺមានភាពទូលំទូលាយ ល្ហល្ហេវ និងគ្មានរបង ។ វាបង្ហាញពីការរាប់អានមិត្តរបស់ម្ចាស់លំនៅឋានជាមួយសហគមន៍ និងបង្ហាញពីពលរដ្ឋរស់នៅក្នុងសហគមន៍ទុកចិត្តគ្នាទៅវិញទៅមក ។ រីឯការសាងសង់របងខ្ពស់ៗបង្ហាញថា គឺជាការផ្តាច់ខ្លួនពីអ្នកជិតខាង និងពុំខ្វាយខ្វល់ពីអ្នកដទៃ ។
.png)
ម្យ៉ាងទៀត លំនៅឋានពលរដ្ឋអាមេរិកដែលសាងសង់ដោយគម្រោង ឬមានគណៈកម្មការសហគមន៍គ្រប់គ្រង គឺបានបង្កើតច្បាប់ក្នុងសហគមន៍ហាមម្ចាស់លំនៅឋានសាងសង់របង ដើម្បីរក្សាបរិស្ថានដ៏ស្រស់ស្អាតជុំវិញលំនៅឋានឱ្យមើលទៅធំទូលាយ ដែលគម្រោងលំនៅឋានបានរៀបចំតាំងពីដំបូង ។ រីឯសុវត្ថិភាព ក៏ជាមូលហេតុធ្វើឱ្យពលរដ្ឋអាមេរិកពុំសាងសង់របង ដោយសារពួកគេមានទំនុកចិត្តលើអាជ្ញាធរអាចការពារសុវត្ថិភាពឱ្យពលរដ្ឋ ។
ពលរដ្ឋអាមេរិកចូលចិត្តដាំស្មៅលើទីវាល ឬដាំដើមឈើមុខលំនៅឋាន និងថែទាំដើមឈើ ឬកាត់ស្មៅដោយខ្លួនឯង ។ ប៉ុន្តែបើសាងសង់របងធ្វើឱ្យពួកគេពិបាកកាត់ស្មៅ និងថែទាំសួនច្បារ ហើយការមានរបង គឺត្រូវចំណាយប្រាក់សាងសង់ និងជួសជុលរបង ដូច្នេះ ពួកគេពុំចាំបាច់មានរបងទេ ។ ពលរដ្ឋអាមេរិកចង់ឱ្យមនុស្សទូទៅឃើញវាលស្មៅ និងសួនច្បារដ៏ស្រស់ស្អាតនៅមុខលំនៅឋានរបស់ខ្លួន ។ ក្រៅពីនេះ ពួកគេចេះគោរពសិទ្ធិអ្នកដទៃ បើទោះជាគ្មានរបងការពារ ក៏ពួកគេពុំដើរឆ្លងកាត់មុខលំនៅឋានអ្នកផ្សេងទេ ។
ប៉ុន្តែដោយសារមានជាតិសាសន៍ជាច្រើនចូលមករស់នៅអាមេរិក បានធ្វើឱ្យតំបន់ជាច្រើនរបស់អាមេរិកចាប់ផ្តើមមានបញ្ហាក្នុងសង្គម មនុស្សគ្មានកន្លែងរស់នៅ និងមានការប្រព្រឹត្តល្មើស ។ ហេតុនេះ ពលរដ្ឋអាមេរិកមួយចំនួនក៏សាងសង់របងជុំវិញលំនៅឋានដើម្បីការពារការប្រព្រឹត្តបទល្មើស និងមានអាវុធការពារខ្លួន ៕










