ប្រទេសថៃ ៖ ភ្នាក់ងារឧតុនិយមថៃបានជូនដំណឹងពីភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសថៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែឧសភា ដែលបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗហូរពីតំបន់ព្រៃភ្នំ និងបាក់ដីនៅតាមបណ្តាខេត្តជាច្រើន ។ សូមពលរដ្ឋត្រៀមខ្លួនទប់ទល់នឹងគ្រោះធម្មជាតិ និងហាមនេសាទតាមទូកតូចៗដើម្បីកាត់បន្ថយផលប៉ះពាល់ រីឯកសិករគួរប្រញាប់បង្ហូរទឹកចេញពីផ្ទៃដីកសិកម្ម ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Better News កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ។
តាមការជូនដំណឹងរបស់ភ្នាក់ងារឧតុនិយមថៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែឧសភា នេះ ប្រទេសថៃនឹងមានភ្លៀងធ្លាក់យ៉ាងខ្លាំងបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗហូរពីតំបន់ព្រៃភ្នំ និងការបាក់ដី ជាពិសេស នៅតំបន់ទឹកហូរក្បែរជើងភ្នំ និងតំបន់ទំនាប ។ ពលរដ្ឋគួរចៀសវាងធ្វើដំណើរឆ្លងកាត់តំបន់ដែលមានខ្យល់ព្យុះ ផ្គររន្ទះ និងតំបន់ទំនាបមានទឹកហូរ ដោយសារអាចមានទឹកជំនន់រយៈពេលខ្លី ។

ចំណែកកសិករគួរត្រៀមឧបករណ៍ការពារ ដោយកែលម្អប្រព័ន្ធបង្ហូរទឹកក្នុងផ្ទៃដីកសិកម្មដើ ម្បីកាត់បន្ថយផលប៉ះពាល់មកលើដំណាំ និងសត្វចិញ្ចឹម ដោយសារខ្យល់មូសុងនិរតីបានគ្របដណ្តប់លើសមុទ្រអាន់ដាម៉ាន់ ឈូងសមុទ្រថៃ និងបណ្តាខេត្តថៃជាច្រើន ហើយខ្យល់មូសុងនឹងមានកម្លាំងកាន់តែខ្លាំង ។.png)
ទឹករលកនៅសមុទ្រអាន់ដាម៉ាន់ នឹងមានកម្លាំងខ្លាំងជាងមុន ដែលមានកម្ពស់ខ្ពស់ៗ ចាប់ពី១ម៉ែត្រ ទៅ២ម៉ែត្រ ។ ហេតុនេះ សូមឱ្យពលរដ្ឋដែលនេសាទនៅឈូងសមុទ្រថៃ និងសមុទ្រអាន់ដាម៉ាន់ ប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងចៀសវាងចេញទូកនេសាទនៅបរិវេណមានភ្លៀង ផ្គររន្ទះ ។ រីឯទូកនេសាទតូចៗនៅសមុទ្រអាន់ដាម៉ាន់ គួរផ្អាកចេញពីច្រាំង ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែឧសភា ។

ភ្នាក់ងារឧតុនិយមបញ្ជាក់ថា ដើម្បីសុវត្ថិភាព និងកាត់បន្ថយផលប៉ះពាល់ផ្សេងៗ មិនថាអាយុជីវិត និងទ្រព្យសម្បត្តិ សូមពលរដ្ឋធ្វើដំណើរដោយប្រុងប្រយ័ត្ន តាមដានការជូនដំណឹងរបស់ឧតុនិយម បើពុំចាំបាច់ គួរចៀសវាងចេញពីលំនៅឋានពេលភ្លៀងធ្លាក់ខ្លាំង ។ ភ្លៀងបានធ្លាក់ជាបន្តបន្ទាប់នៅទូទាំងប្រទេសថៃ តាំងពីថ្ងៃទី១៨ ខែឧសភា មកម៉្លេះ ដោយសារឥទ្ធិពលខ្យល់មូសុងនិរតី ជាពិសេស បណ្តាខេត្តភាគខាងជើងប្រទេសថៃ ៕










