ប្រទេសវៀតណាម ៖ វៀតណាមបានចាប់ដៃគូសហការជាមួយក្រុមហ៊ុនសាងសង់រោងចក្រនុយក្លេអ៊ែររបស់អាមេរិក Westinghouse Electric ដើម្បីបង្កើតរោងចក្រនុយក្លេអ៊ែរ និងជំរុញឲ្យមានការអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរនៅក្នុងប្រទេសរបស់ខ្លួន។ ផែនការនេះ ត្រូវបានគេរំពឹងថានឹងចំណាយទឹកប្រាក់អស់ប្រមាណ $136 ពាន់លានដុល្លារ និងរួចរាល់ក្នុងឆ្នាំ2030។

យោងតាមទីភ្នាក់ងារសារព័ត៌មានបារាំង (AFP) ក្រុមឧស្សាហកម្ម និងថាមពលជាតិវៀតណាម (PetroVietnam) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ Westinghouse Electric ដែលជាក្រុមហ៊ុនសាងសង់រោងចក្រនុយក្លេអ៊ែររបស់អាមេរិក ក្នុងគោលបំណងផ្តោតលើគំរូវិនិយោគសម្រាប់ហេដ្ឋារចនាសម្ព័ន្ធថាមពល ការផ្ទេរបច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្ស ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយមន្ត្រី Westinghouse ថា កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍ថាមពលនេះ នឹងដើរតួជា “កម្លាំងជំរុញដ៏សំខាន់មួយក្នុងការរួមចំណែកធ្វើឱ្យមានតុល្យភាពពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងសហរដ្ឋអាមេរិក”។
.png)
ជំហាននេះសម្របសម្រួលជាមួយយុទ្ធសាស្ត្ររបស់វៀតណាមក្នុងការធ្វើពិពិធកម្មប្រភពថាមពលនានា និងឆ្លើយតបទៅនឹងតម្រូវការបរិក្ខារថាមពលដែលកំពុងកើនឡើង។ ក្នុងខែវិច្ឆិកា ឆ្នាំ 2024 សភាវៀតណាមបានអនុម័តផែនការស្ដារឡើងវិញនូវគម្រោងរោងចក្រនុយក្លេអ៊ែរនៅខេត្ត Ninh Thuận ដែលរំពឹងថានឹងបញ្ចប់ក្នុងឆ្នាំ 2030។ គម្រោងនេះនឹងមានសមត្ថភាពផលិតអគ្គិសនី 4 gigawatts ដោយមានការវិនិយោគពីក្រុមហ៊ុនរដ្ឋ Vietnam Electricity (EVN) និង PetroVietnam។ តាមផែនការអភិវឌ្ឍថាមពលជាតិដែលបានធ្វើបច្ចុប្បន្នភាព វៀតណាមត្រូវចំណាយថវិកាជាង $136 ពាន់លានដុល្លារ ដល់ឆ្នាំ 2030 ដើម្បីបង្កើនសុវត្ថិភាពថាមពលរយៈពេលវែង។.png)
ក្រៅពីសហរដ្ឋអាមេរិក វៀតណាមក៏កំពុងស្វែងរកដៃគូអន្តរជាតិផ្សេងទៀតដូចជារុស្ស៊ីផងដែរ ដើម្បីលើកកម្ពស់ការអភិវឌ្ឍប៉ុស្តិ៍ថាមពលនុយក្លេអ៊ែរ។ នៅថ្ងៃទី 12 ឧសភា ឆ្នាំ 2025 កន្លងទៅ វៀតណាម និងរុស្ស៊ីបានព្រមព្រៀងក្នុងការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរក្នុងពេលខាងមុខ។
គួរបញ្ជាក់ថា ការអភិវឌ្ឍទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការអភិវឌ្ឍប្រភពថាមពលនានា និងបង្កើនសុវត្ថិភាពថាមពលតាមរយៈការសហការជាមួយបណ្ដាប្រទេសអន្តរជាតិនៅលើវិស័យថាមពលនុយក្លេអ៊ែរ៕










