ប្រទេសថៃ ៖ អ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីអ្នករស់នៅបន្ទប់ខុនដូមួយកន្លែងក្នុងតំបន់រ៉ាជឆាដា ទីក្រុងបាងកក ប្រទេសថៃ បង្ហោះរូបភាពពស់យក្ស២ក្បាល វារនៅមុខបន្ទប់ និងសរសេរថា តាមធម្មតា ខុនដូនេះមានទាំងក្រុម Call Center និងក្រុមភ្នាល់ ទីបំផុត ក៏មានពស់វារតាមផ្លូវដើរ ប៉ុន្តែពស់មិនមែនរួចពីទ្រុងទេ ។ ទោះជាអ្នកគ្រប់គ្រងខុនដូហាមចិញ្ចឹមឆ្កែ ប៉ុន្តែនៅតែមានអ្នកយកឆ្កែមកចិញ្ចឹមក្នុងបន្ទប់រំខានអ្នកជិតខាង ហើយអ្នកជិតខាងទ្រាំលែងបាន ក៏លែងពស់មុខបន្ទប់បែបនេះ ។
កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា អ្នកយកពស់មកលែង ធ្លាប់និយាយថា បើមិនឈប់ចិញ្ចឹមឆ្កែទេ ខ្លួននឹងចាត់វិធានការខ្លាំងវិញ ។ នាព្រឹកថ្ងៃបន្ទាប់ អ្នកនោះក៏យកពស់យក្ស២ក្បាលមកលែងមុខបន្ទប់ ថតវីដេអូបង្ហោះចូលក្នុងកម្មវិធី Line និងនិយាយទៅកាន់បន្ទប់ចិញ្ចឹមឆ្កែថា ប្រយ័ត្នខ្លួនផង ។
តាមអ្នករស់នៅបន្ទប់ខុនដូក្បែរនោះ គឺអ្នកដែលយកពស់មកលែង បានសំណូមពរឱ្យអ្នកគ្រប់គ្រងខុនដូជួយដោះស្រាយរឿងបន្ទប់ជិតខាងយកឆ្កែមកចិញ្ចឹមបង្កសំឡេងខ្លាំងរំខានអ្នករស់នៅក្បែរជាច្រើនឆ្នាំហើយ ប៉ុន្តែគ្មានការដោះស្រាយ ទើបយកពស់មកលែងមុខបន្ទប់ ។ នេះជាការសងសឹងទៅអ្នកចិញ្ចឹមឆ្កែវិញ ដែលពុំខ្លាចចិត្តអ្នកដទៃ ពីព្រោះខុនដូហាមចិញ្ចឹមសត្វ ប៉ុន្តែនៅតែមានអ្នកលួចចិញ្ចឹមឆ្កែ ឆ្មា ពេលខ្លះ ឆ្កែទាំងនេះព្រុសផង ស្រែកផង រំខានការសម្រាកអ្នកជិតខាងយ៉ាងខ្លាំង ។
អ្នករស់នៅបន្ទប់ខុនដូក្បែរបន្តថា ក្រៅពីថ្លង់សំឡេងឆ្កែព្រុស ថែមទាំងធុំក្លិនលាមកឆ្កែពេញបរិវេណទាំងអស់ ព្រមទាំងមានចៃឆ្កែវារចូលបន្ទប់ផ្សេងៗ អ្នកជិតខាងធ្លាប់ប្រាប់ទៅខាងខុនដូជាច្រើនលើកឱ្យដោះស្រាយរឿងនេះតាំងពីឆ្នាំ២០២៣ ប៉ុន្តែគ្មានការដោះស្រាយអ្វីទាំងអស់ ។ ការចិញ្ចឹមឆ្កែក្នុងខុនដូបែបនេះពុំសមរម្យសោះ ខ្លួនមិនកាន់ជើងខាងណាទេ ប៉ុន្តែគួរបឹ្តងសមត្ថកិច្ចឱ្យជួយដោះស្រាយបញ្ហា មិនមែនយកពស់មកលែងធ្វើឱ្យអ្នករស់នៅខុនដូទាំងអស់ភ័យខ្លាចពុំហ៊ានចេញក្រៅ ។
ក្រោយពីព័ត៌មាននេះល្បីល្បាញក្នុងបណ្តាញសង្គម សមត្ថកិច្ច និងភ្នាក់ងារចាប់ពស់ ក៏បានមកដល់ខុនដូ ហើយសមត្ថកិច្ចសម្រេចបញ្ចប់រឿងដោយការពិន័យប្រាក់ទាំងអ្នកលែងពស់ និងអ្នកចិញ្ចឹមឆ្កែក្នុងខុនដូ គឺម្នាក់ចំនួន១ម៉ឺនបាត (ឬស្មើជាង៣០០ដុល្លារ) ៕.jpg)










