ប្រទេសឥណ្ឌូណេស៊ី ៖ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានកំណត់គោលដៅក្លាយជាប្រទេសផលិតកាហ្វេលំដាប់ទី២ លើពិភពលោក ដោយរដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងជំរុញផលិតកម្មកាហ្វេក្នុងប្រទេសដោយសហការជាមួយក្រុមហ៊ុនឯកជន ដើម្បីបំពេញតម្រូវការកាហ្វេកើនឡើងលើទីផ្សារពិភពលោក ។ បច្ចុប្បន្ន ឥណ្ឌូណេស៊ី គឺជាប្រទេសផលិតកាហ្វេច្រើន លំដាប់ទី៤ លើពិភពលោក បន្ទាប់ពីប្រេស៊ីល វៀតណាម និងកូឡុំប៊ី ។

រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការស្បៀងអាហារម៉ាឡេស៊ី លោក Zulkifli Hasan និយាយថា ឥណ្ឌូណេស៊ី គឺជាប្រទេសផលិតកាហ្វេ លំដាប់ទី៤ លើពិភពលោក ដោយបរិមាណផលិតកាហ្វេរបស់ឥណ្ឌូណេស៊ី ស្មើជាង៧សែនតោនក្នុង១ឆ្នាំ ហើយឥណ្ឌូណេស៊ីនឹងអាចផលិតកាហ្វេបានច្រើនជាងនេះ ប្រសិនបើមានការកំណត់យុទ្ធសាស្ត្រត្រឹមត្រូវ ។ 
បច្ចុប្បន្ន តម្លៃកាហ្វេអំណោយផលដល់ការវិនិយោគ ទើបរដ្ឋមន្ត្រីសម្របសម្រួលកិច្ចការស្បៀងអាហារម៉ាឡេស៊ី ជំរុញឱ្យផ្តល់ភាពសំខាន់លើការបង្កើនផលិតកម្មកាហ្វេ ។ លោក Zulkifli Hasan សង្កត់ធ្ងន់ថា ការអភិឌ្ឍគ្រាប់ពូជកាហ្វេ ការកែលម្អដំណើរការក្រោយប្រមូលផល និងការវេចខ្ចប់កាហ្វេអាចប្រកួតប្រជែងលើទីផ្សារពិភពលោក គឺជាគន្លឹះសំខាន់ដើម្បីបង្កើនតម្លៃកាហ្វេឥណ្ឌូណេស៊ី ។
.png)
ឥណ្ឌូណេស៊ីមានផ្ទៃដីធំទូលាយសម្រាប់ដាំដុះកាហ្វេ ចាប់ពីតំបន់ខ្ពង់រាបអាចិ រហូតដល់តំបន់ភាគខាងកើតប៉ាពួ ហើយដំណាំកាហ្វេក្នុងតំបន់នីមួយៗមានភាពខុសប្លែកគ្នាខាងរសជាតិ និងគ្រាប់កាហ្វេ ។ កាហ្វេមិនត្រឹមតែជាផលិតផលប៉ុណ្ណោះទេ ប៉ុន្តែវាបង្ហាញពីរបៀបរស់នៅរបស់សហគមន៍ផ្សេងៗនៅទូទាំងប្រទេសឥណ្ឌូណេស៊ី និងបង្ហាញពីការប្រឹងប្រែងធ្វើការរបស់ពលរដ្ឋ មរតកវប្បធម៌ និងមោទនភាពជាតិ ។

ឥណ្ឌូណេស៊ីបានផលិតកាហ្វេច្រើនលើពិភពលោក បន្ទាប់ពីប្រេស៊ីល វៀតណាម និងកូឡុំប៊ី ក្នុងនោះវៀតណាមបានផលិតកាហ្វេលំដាប់ទី២ លើពិភពលោក ដោយបានផលិតកាហ្វេ Robusta រហូតដល់១លាន៨សែនតោនក្នុង១ឆ្នាំ ។ ហេតុនេះ ការផលិតកាហ្វេឱ្យបានច្រើននៅឥណ្ឌូណេស៊ី លោក Zulkifli Hasan បានស្នើឱ្យមានកិច្ចសហការរវាងរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន ដើម្បីជំរុញឱ្យឥណ្ឌូណេស៊ីក្លាយជាប្រទេសផលិតកាហ្វេច្រើនលើពិភពលោក ។
.png)
យោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិកណ្តាលឥណ្ឌូណេស៊ី (BPS) បង្ហាញថា ឥណ្ឌូណេស៊ីបាននាំចេញកាហ្វេ ចំនួន៣៤២,២២០តោន ស្មើទឹកប្រាក់១,៤៩០លានដុល្លារ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៤ ។ រីឯការនាំចូលកាហ្វេរបស់ឥណ្ឌូណេស៊ី គឺចំនួន៦៧,៦៥០តោន ស្មើទឹកប្រាក់ជាង៣១៩លានដុល្លារ ។

ឥណ្ឌូណេស៊ីបាននាំចេញកាហ្វេទៅប្រទេសហ្វីលីពីន ចំនួន៨៥,០០០តោន, អាមេរិក ៣១,៧៣០តោន និងម៉ាឡេស៊ី ៣២,៣៣០តោន ព្រមទាំងនាំចេញទៅប្រទេសនានាលើពិភពលោក ។ រីឯការនាំចូលកាហ្វេមកកាន់ឥណ្ឌូណេស៊ី គឺភាគច្រើននាំចូលកាហ្វេវៀតណាម ស្មើ៤៧,២៧០តោន, ប្រេស៊ីល ១៣,០៤០តោន និងម៉ាឡេស៊ី ១,៨៤០តោន ៕









