ប្រទេសអេមីរ៉ាតអារ៉ាប់ ៖ ភ្ញាក់ផ្អើលពេញពិភពលោក ក្រោយពីប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ខុសប្លែកពីប្រទេសនានា គឺធ្វើតាមវប្បធម៌បុរាណដោយយកក្រុមនារីសក់វែង ស្លៀកពាក់ឈុតពណ៌ស មកឈរសងខាងផ្លូវ គ្រវីសក់ទៅមក ។ ការទទួលស្វាគមន៍បែបនេះធ្វើឱ្យប្រធានាធិបតីអាមេរិកពេញចិត្តណាស់ និងសរសើរផងដែរ ប៉ុន្តែវាធ្វើឱ្យមហាជនឆ្ងល់យ៉ាងខ្លាំងថា នេះជាពិធីអ្វី និងជាការស្វាគមន៍ភ្ញៀវបែបណា? .png)
ការទទួលស្វាគមន៍ដំណើរទស្សនកិច្ចប្រធានាធិបតីអាមេរិក លោក Trump របស់អេមីរ៉ាតអារ៉ាប់រួម បានធ្វើឡើងយ៉ាងអធិកអធម និងខុសប្លែកពីប្រទេសនានា ។ ពេល ធ្វើដំណើរមកដល់ព្រះរាជវាំង Qasr Al Watan នៅទីក្រុង Abu Dhabi លោក Trump បានឃើញនារីស្លៀកពាក់ឈុតពណ៌ស មួយក្រុមឈរជាជួរគ្រវីសក់វែងទៅមក ។ នេះជាវប្បធម៌របស់បណ្តាប្រទេសនៅឈូងសមុទ្រពែក្ស (ឬឈូងសមុទ្រអារ៉ាប់) រួមមាន ៖ អេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត គុយវ៉ែត អូម៉ង់ កាតា និងបារ៉ែន សម្រាប់ទទួលភ្ញៀវ ឬប្រើប្រាស់ក្នុងពិធីមង្គល ដូចជា ៖ ពិធីរៀបការ ។ 
អ្នកឃើញវីដេអូនឹងឆ្ងល់ថា ហេតុអ្វីអេមីរ៉ាតអារ៉ាប់រួម យកនារីក្មេងជាច្រើននាក់មកឈរគ្រវីសក់បែបនេះឱ្យលោក Trump មើល? ការគ្រវីសក់នេះហៅថា «ខាលិជិ» ដែលតម្រូវឱ្យនារីសក់វែងទាំងអស់ស្លៀកឈុតពណ៌ស និងគ្រវីសក់តាមចង្វាក់តន្ត្រី ។ តាមធម្មតា ការរាំ «ខាលិជិ» គឺនារីៗនឹងឈ្លៀតឈុតវែងពណ៌ស្រស់ឆើតឆាយ ប៉ុន្តែការទទួលស្វាគមន៍ប្រធានាធិបតីអាមេរិក នារីគ្រប់រូបត្រូវស្លៀកឈុតពណ៌ស ដើម្បីបង្ហាញពីសណ្តាប់ធ្នាប់ក្នុងពិធីផ្លូវការ ហើយមើលទៅលោក Trump ហាក់ពេញចិត្តនឹងការស្វាគមន៍របស់អេមីរ៉ាតអារ៉ាប់រួម ថែមទាំងសរសើរទៀតផង ។.png)
វីដេអូក្រុមនារីសក់វែងគ្រវីសក់ឈរទទួលស្វាគមន៍លោក Trump នៅអេមីរ៉ាតអារ៉ាប់រួម បានល្បីល្បាញយ៉ាងខ្លាំងក្នុងបណ្តាញសង្គម ពីព្រោះជាការស្វាគមន៍មិនដូចប្រទេសនានា និងកម្រឃើញណាស់ ។ ប៉ុន្តែពលរដ្ឋរស់នៅបណ្តាប្រទេសឈូងសមុទ្រពែក្ស យល់ឃើញថា ការគ្រវីសក់បែបនេះមានភាពស្រស់ស្អាត ស្រដៀងនឹងរលកសមុទ្រ ហើយវាបង្ហាញពីការគោរពដល់ភ្ញៀវដែលមកបំពេញទស្សនកិច្ចនៅប្រទេសពួកគេ ។.png)
វាជាការសម្តែងសិល្បៈរបស់អេមីរ៉ាតអារ៉ាប់រួម ដែលនារីៗនឹងស្លៀកសម្លៀកបំពាក់ប្រពៃណីឈរជាជួរ និងគ្រវីសក់វែងទៅមក ខណៈក្រុមបុរសសូត្រកំណាព្យជាចង្វាក់តន្ត្រី ។ រីឯអ្នកចូលរួមសម្តែងក្នុងពិធី គឺមិនប្រកាន់ភេទ វ័យ និងវណ្ណៈក្នុងសង្គមទេ ៕










