ក្រៅពីបង្កើតជីវិតភាវៈរស់ជាច្រើនប្រភេទ រួមទាំងមនុស្ស ឲ្យអាចរស់រានមានជីវិតនៅលើផែនដីបានហើយ ធម្មជាតិក៏មានលក្ខណៈអស្ចារ្យដទៃទៀតជាច្រើនដែលគួរឲ្យចាប់អារម្មណ៍ និងស្ញប់ស្ញែងជាខ្លាំង។ ភាពអស្ចារ្យនៃធម្មជាតិ មិនទាន់អាចមានអ្នកវិទ្យាសាស្រ្តរូបណាធ្វើការសិក្សាបានគ្រប់ជ្រុងជ្រោយនៅឡើយទេ។
តួយ៉ាងនៅក្នុងអត្ថបទនេះ យើងនឹងលើកយកនូវដុំថ្មដ៏ចម្លែកៗចំនួន៤ ដែលមានទីតាំងខុសៗគ្នានៅលើផែនដី។ ថ្មទាំងនេះសុទ្ធតែមានទំហំធំ និងលក្ខណៈខុសប្លែកពីថ្មទូទៅធម្មតាទាំងឡាយដែលយើងធ្លាប់បានស្គាល់។ ភាពខុសប្លែក របស់វាបានក៏បង្កើតជាទិដ្ឋភាពមួយដែលស្រស់ស្អាត និងទាក់ទាញចិត្តរបស់អ្នកជំនាញជាច្រើនក្នុងការទៅសិក្សាស្រាវជ្រាវពីវាផងដែរ។ ដូច្នេះ មកស្គាល់ថ្មចម្លែកទាំង ៤ ដែលគេជឿថាមានភាពអាថ៌កំបាំង ហើយសូម្បីអ្នកវិទ្យាសាស្រ្តក៏មិនទាន់អាចបកស្រាយបានលម្អិតពីវាបានដូចខាងក្រោម៖
១. ថ្ម Al Naslaa ៖ វាស្ថិតនៅជិតអូអាស៊ី Tayma ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ថ្ម Al Naslaa ជាថ្មដែលកកើតឡើងដោយខ្សាច់ (sandstone) ដ៏ធំមានមុខកាត់ប្រហែល ៦ ម៉ែត្រកំពស់ និង ៩ ម៉ែត្រ។ លក្ខណៈពិសេសរបស់វាដែលគេមិនអាចបកស្រាយបាន១០០%នោះ គឺដោយសារវាត្រូវបានពុះចែកវាជាពីរភាគស្មើៗគ្នា នៅត្រង់ភ្លឹង ហើយផ្នែកទាំងសងខាងនៃថ្មនេះត្រូវបានទ្រដោយថ្មតូចមួយនៅខាងក្រោមវាប៉ុណ្ណោះ។ អ្នកជំនាញសន្និដ្ឋានថា ការពុះចែកនៃថ្មនេះអាចកើតឡើងដោយការប្រែប្រួលភូមិសាស្ត្រឬការកក ឬរលាយទឹកក្នុងខ្យល់ ប៉ុន្តែចំពោះមូលហេតុជាក់លាក់មិនទាន់ច្បាស់នៅឡើយ។
២. ថ្មបែកផ្លែប៉ោម (Split Apple Rock) ៖ ទីតាំងរបស់វាស្ថិតនៅឆ្នេរអូសាន នៃកោះ Tasman ខាងត្បូង ក្នុងប្រទេសនូវែលសេឡង់។ ថ្មនេះមានរូបរាងដូចផ្លែប៉ោមដ៏ធំធំមួយ ប៉ុន្តែត្រូវបានពុះជាពីរចំណែកស្មើដូចគ្នា។ អ្នកជំនាញគិតថា ការបែកនៃថ្មនេះគឺជាប្រតិកម្មធម្មជាតិ ដោយសារមានទឹកជ្រាបចូលក្នុងស្នូលនៃថ្ម បន្ទាប់មកទឹកនោះបានកក ហើយក៏ធ្វើឲ្យថ្មបែកតែម្ដង។ វាជាថ្មដែលមានភាពគួរឱ្យចាប់អារម្មណ៍ខ្លាំងមួយ ព្រោះវាតែងជាទីពេញនិយមក្នុងចំណោមអ្នកទេសចរជាច្រើន។
៣. ថ្ម Moeraki ឬ The Moeraki Boulders ៖ ថ្មនេះស្ថិតតាមបណ្ដោយឆ្នេរខូអេកូហេ កោះអូតាគូខាងត្បូង នៃប្រទេសនូវែលសេឡង់។ លក្ខណៈអស្ចារ្យរបស់វា គឺមានរាងមូលរលោងស្ទើឥតខ្ចោះ មានទំហំមុខកាត់ចាប់ពី 2.2ម៉ែត្រដល់ 3ម៉ែត្រ ប៉ុន្តែមិនមែនជាការបង្កើតដោយមនុស្សនោះទេ។ តាមការសិក្សាបានបង្ហាញថា ថ្មនេះមានអាយុកាលប្រហែល ៦០លានឆ្នាំមកហើយ វាកកើតឡើងពីរ៉ែម្យ៉ាងដែលមានឈ្មោះថា calcite concretions ហើយនៅពេលវាត្រូវប៉ះដោយទឹករលកបោកបក់យូរៗទៅក៏ក្លាយជារាងមូល និងរលោងបែបនេះ។ ថ្មនេះក៏មានជាប់ពាក់ព័ន្ធនឹងរឿងព្រេងរបស់កលសម្ព័ន្ធជនជាតិ ម៉ូរីផងដែរ ហើយបច្ចុប្បន្នមានសល់ប្រហែលជាង ៥០គ្រាប់តាមបណ្ដោយឆ្នេរ។.png)
៤. The Devils Tower ៖ ស្ថិតនៅក្នុងរដ្ឋ វៃអូមីង ភាគខាងជើងសហរដ្ឋអាមេរិក។ វាមិនមែនគ្រាន់ជាដុំថ្មដូចប្រភេទថ្មខាងលើឡើយ ព្រោះវាមានទំហំធំប្រហែលនឹងភ្នំមួយទៅហើយ ដោយមានកម្ពស់ប្រហែល ៣៨៦ ម៉ែត្រពីដី។ រូបរាងដ៏ចម្លែករបស់វា ត្រូវបានអ្នកវិទ្យាសាស្រ្តអះអាងថា បានកើតឡើងនៅពេលដែលសិលា magma របស់ភ្នំភ្លើងចូលទៅក្នុងស្រទាប់ថ្ម sedimentary ហើយបន្ទាប់មកចុះត្រជាក់នៅក្រោមដី។ និងក្រោយមកជាងរាប់លានឆ្នាំ ថ្មដែលនៅជុំវិញនោះទទួលរងសំណឹកយូរទៅក៏រលាយបាត់អស់ បន្សល់ទុកតែស្នូលភ្នំភ្លើងដែលរឹងជាងគេនេះនៅឈរតែឯង។
ចំពោះអាថ៌កំបាំងរបស់វានៅក្នុងជំនឿវិញ គេជឿថាកាលពីយូរលង់ណាស់មកហើយ មានក្មេងស្រីចំនួន៧នាក់បានរត់គេចពីសត្វខ្លាឃ្មុំយក្សដ៏ធំសម្បើមមួយ និងឡើងទៅពួននៅលើដីទួលមួយ ហើយដោយសារពួកនាងជាមនុស្សល្អវិញ្ញាណព្រៃដែលមាននៅទីនោះ បានបញ្ជារឲ្យទួលនោះលូតឡើងខ្ពស់ទៅៗឲ្យផុតពីខ្លាឃ្មុំ។ រីឯស្នាមឆ្នូត ដែលមាននៅជុំវិញនោះគែជឿថាបានមកដោយសារតែក្រចករបស់សត្វខ្លាឃ្មុំ ដែលព្យាយាមឡើងទៅរកក្មេងស្រីទាំងនោះ៕










