ប្រទេសចិន ៖ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ មានហេតុការណ៍ចលាចលមួយកើតឡើងលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern Airlines ពេលយន្តហោះនេះកំពុងចុះចតនៅលើ Runway ក្រោយពីបុរសអ្នកដំណើរម្នាក់បើកទ្វារអាសន្នយន្តហោះដោយសារចង់ស្រូបខ្យល់អាកាសបរិសុទ្ធ ។ វាធ្វើឱ្យអ្នកដំណើរផ្សេងទៀតភ័យជ្រួលច្របល់យ៉ាងខ្លាំង ពីព្រោះយន្តហោះពុំទាន់ចុះដល់អាកាសយានដ្ឋាននៅឡើយ ។

យន្តហោះ MU 5828 របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានធ្វើដំណើរចាកចេញពីទីក្រុងឆាងសា មកកាន់អាកាសយានដ្ឋានអន្តរជាតិ Kunming Changshui ។ បន្ទាប់ពីកើតហេតុ បុរសអ្នកដំណើរដែលបើកទ្វារអាសន្នយន្តហោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅកន្លែងសាកសួរចម្លើយ ។.png)
តាមច្បាប់របស់ចិន បើបុគ្គលណាម្នាក់បើកទ្វារអាសន្នយន្តហោះដោយគ្មានការអនុញ្ញាត បុគ្គលនោះត្រូវតែបង់ប្រាក់ពិន័យ ចាប់ពីជាង១ម៉ឺន៤ពាន់ ទៅជាង២ម៉ឺន៨ពាន់ដុល្លារ ហើយចំនួនប្រាក់ពិន័យក៏អាស្រ័យលើការកំណត់របស់ក្រុមហ៊ុនអាកាសចរណ៍ និងតាមពេលវេលា ។.png)
កាលពីខែមេសា ឆ្នាំ២០២៥ ក៏មានហេតុការណ៍ដូចគ្នានេះដែរ គឺយន្តហោះ RS 902 របស់ក្រុមហ៊ុនអាកាសចរណ៍ Air Seoul Airlines កំពុងហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Gimpo ទីក្រុងសេអ៊ូល ទៅកាន់អាកាសយានដ្ឋាន Jeju ប្រទេសកូរ៉េខាងត្បូង ស្រាប់តែនារីអ្នកដំណើរម្នាក់ អាយុ៣០ឆ្នាំ មានអាការៈខ្លាចកន្លែងចង្អៀត ក៏ដោះខ្សែក្រវ៉ាត់សុវត្ថិភាព និងក្រោកចេញពីកៅអីជួរមុខទៅបើកទ្វារអាសន្នយន្តហោះ ។ បើទោះជាបុគ្គលិកអាកាសចរណ៍ព្យាយាមហាមឃាត់នារីរូបនេះយ៉ាងណា ប៉ុន្តែនាងពុំស្តាប់ ហើយស្រែកខ្លាំងៗ រហូតដល់អាកាសយានិកត្រូវលុបចោលជើងហោះហើរ ។.png)
ហេតុការណ៍មួយទៀតបានកើតឡើងកាលពីដើមឆ្នាំ២០២៥ គឺយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង Eastar Jet Airlines បានពន្យារពេលហោះជាង១ម៉ោង ដោយសារព្រិលធ្លាក់ខ្លាំងលើ Runway ហើយពេលនោះ ស្រាប់តែបុគ្គលិកអាកាសចរណ៍៣នាក់ បានបើកទ្វារអាសន្នយន្តហោះដើម្បីថតរូបលើស្លាបយន្តហោះ ។ សមត្ថកិច្ចក៏បាននាំខ្លួនបុគ្គលិកអាកាសចរណ៍ទាំងអស់ទៅសួរចម្លើយ នាពេលបន្ទាប់ ៕










