សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា នារីអ្នកសម្តែងសៀកម្នាក់នៅអាមេរិកបានបំបែកកំណត់ត្រាពិភពលោក Guinness World Records ក្រោយពីបានយកសក់ចងជាមួយខ្សែព្យួរខ្លួនរយៈពេលយូរបំផុត រហូតដល់២៥នាទី និង១១វិនាទី ។ ក្រៅពីនេះ នាងក៏បានឈ្នះកំណត់ត្រាពិភពលោកចាស់នៅប្រទេសអូស្ត្រាលីផងដែរ ដែលគ្រប់គ្រងតំណែងអស់រយៈពេលជាង១០ឆ្នាំ ដោយចំណាយពេលត្រឹមតែ២៣នាទី និង១៩វិនាទី ។

នារីរូបនេះឈ្មោះ Leila Noone អាយុ៣៩ឆ្នាំ បានព្យាយាមបំបែកកំណត់ត្រាពិភពលោក គឺការយកសក់របស់នាងចងជាមួយខ្សែព្យួរខ្លួនរយៈពេលយូរបំផុតនៅលើពិភពលោក ដែលការព្យួរសក់នេះរៀបចំឡើងនៅឧទ្យានជាតិ Redwood រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។.jpg)
អ្នកនាង Leila Noone ម្ចាស់កំណត់ត្រាពិភពលោកថ្មី និយាយថា នាងបានហ្វឹកហាត់យ៉ាងអត់ធ្មត់ និងត្រៀមខ្លួនអស់រយៈពេលជាង២ឆ្នាំ ទើបអាចយកឈ្នះកំណត់ត្រាពិភពលោកចាស់ គឺជារបស់លោក Suthakaran Sivagnanathurai ។ ម្ចាស់កំណត់ត្រាពិភពលោកចាស់បានយកសក់ចងជាមួយខ្សែព្យួរខ្លួន ចំណាយពេលត្រឹម២៣នាទី និង១៩វិនាទីប៉ុណ្ណោះ ដែលរៀបចំឡើងនៅប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០១១ ។
.jpg)
ម្ចាស់កំណត់ត្រាពិភពលោកថ្មី បន្តថា ៖ «គោលដៅរបស់ខ្ញុំដែលបានព្យាយាមបំបែកកំណត់ត្រាពិភពលោកថ្មីនេះ ដើម្បីជាភស្តុតាងបញ្ជាក់ថា មនុស្សគ្រប់រូបអាចធ្វើអ្វីមួយដោយជោគជ័យ ដោយគ្រាន់តែប្រើប្រាស់អំណាចផ្លូវចិត្ត» ។ ប៉ុន្តែនាងប្រាប់ថា មានតែអ្នកជំនាញប៉ុណ្ណោះ ទើបអាចយកសក់ចងជាមួយខ្សែព្យួរខ្លួនរយៈពេលយូរបាន រីឯអ្នកពុំបានហ្វឹកហាត់ ពុំអាចធ្វើបែបនេះនៅផ្ទះដាច់ខាត ។
.jpg)
នៅក្នុងរូបភាព គឺនារីអាមេរិកអង្គុយបិទភ្នែកទាំងសងខាងនៅក្រោមដើមឈើ ដែលសក់របស់នាងត្រូវបានចងភ្ជាប់ជាមួយខ្សែ ។ មហាជនបានកោតសរសើរយ៉ាងខ្លាំងពីការព្យាយាមហ្វឹកហាត់របស់នាងក្នុងរយៈពេលជាង២ឆ្នាំមកនេះ រហូតទទួលបានជោគជ័យអាចគ្រប់គ្រងកំណត់ត្រាពិភពលោកថ្មី គឺជាបុគ្គលយកសក់ព្យួរខ្លួនរយៈពេលយូរបំផុត ។ ក្រៅពីនារីអាមេរិក តើនឹងមានបុគ្គលផ្សេងទៀតដែរឬទេ ដែលអាចធ្វើបែបនេះបាន និងចំណាយពេលយូរជាងនេះ?









