ក្រសួងទេសចរណ៍ មានគម្រោងរៀបចំផ្ទះកំណើតរបស់សម្តេចតេជោ ហ៊ុន សែន ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន។
ផ្ទះកំណើតសម្តេចតេជោ មានទីតាំងស្ថិតក្នុង ភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
គម្រោងកែច្នៃ និងរៀបចំផ្ទះនោះ ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន ដើម្បីទុកជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្ររបស់សម្តេច ហ៊ុន សែន និង ជាកំណប់ទ្រព្យរបស់អ្នកស្ទឹងត្រង់, ទុកជាការសិក្សាស្រាវជ្រាវរបស់យុវជនជំនាន់ក្រោយៗទៀត ក៏ដូចជា ការបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ ដែលពឹងផ្អែកទៅលើវិស័យទេសចរណ៍ និងស្ទួយមុខមាត់ខេត្តកំពង់ចាម។
គម្រោងនេះ ត្រូវបានលើកឡើងដោយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងឱកាសអញ្ជើញទស្សនាផ្ទះកំណើត របស់សម្ដេចតេជោ ហ៊ុន សែន ស្ថិតក្នុងភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ៕










