ប្រទេសម៉ាឡេស៊ី ៖ រដ្ឋាភិបាល និងក្រសួងអប់រំរបស់ប្រទេសម៉ាឡេស៊ីបានជ្រើសរើសយកភាសាខ្មែរ និងភាសារបស់ប្រទេសក្នុងអាស៊ានចំនួន២ទៀត ដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាសម្រាប់សិស្ស ដើម្បីជាការលើកកម្ពស់អំពីការយល់ដឹងអំពីវប្បធម៌នៃប្រទេសក្នុងតំបន់អាស៊ាន។ .png)
កាលពីថ្ងៃទី២១ ខែមេសានេះ រដ្ឋមន្រ្តីក្រសួងអប់រំម៉ាឡេស៊ី អ្នកស្រី Fadhlina Sidek បានបញ្ជាក់ថា ភាសាខ្មែរ ថៃ និងវៀតណាម នឹងត្រូវផ្ដល់ជាជម្រើសសម្រាប់សិស្សរៀន ដូចជាភាសាបរទេសដទៃទៀតដែរ ប៉ុន្តែវាមិនមែនជាការដាក់ជំនួសនូវមុខវិជ្ជាដែលមានស្រាប់នោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុករបស់ប្រទេសម៉ាឡេស៊ី The Malay Mail។

គម្រោងនេះគឺស្របតាមគោលនយោបាយរបស់ម៉ាឡេស៊ី ក្នុងការបង្កើនទំនាក់ទំនងជាមួយបណ្ដារប្រទេសនៅអាស៊ាន និងបណ្ដុះបណ្ដាលសិស្សឲ្យមានការត្រៀមខ្លួនក្នុងបរិបទតភ្ជាប់គ្នាជាមួយប្រទេសក្នុងអាស៊ានផ្សេងទៀត។ លើសពីនេះ អ្នកស្រី Fadhlina បានលើកឡើងថា ៖ បច្ចុប្បន្នភាសាដើមរបស់ប្រទេសម៉ាឡេស៊ីគឺ Bahasa Malaysia និងភាសាអង់គ្លេសដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនោះ គឺបានចូលរួមលើកស្ទួយដល់កិច្ចសហការក្នុងតំបន់។ ដូច្នេះការដាក់ភាសាបរទេសដូចជា ភាសាខ្មែរ ថៃ និង វៀតណាមនេះ ចូលក្នុងកម្មវិធីសិក្សាមិនមែនជាការដាក់ជំនួសភាសាដើមឡើយ ពោលគឺដាក់ជាជម្រើសភាសាបន្ថែមសម្រាប់សិស្សរៀនសូត្រដើម្បីបន្តឹងចំណងកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន។
គួរបញ្ជាក់ថា គម្រោងក្នុងការដាក់បញ្ចូលភាសាខ្មែរ និងភាសាប្រទេសក្នុងតំបន់អាស៊ានដទៃទៀតចូលក្នុងកម្មវិធីសិក្សារបស់ប្រទេសម៉ាឡេស៊ីនេះ កំពុងស្ថិតនៅក្នុងការវាយតម្លៃ ប៉ុន្តែវានឹងផ្ដល់មកនូវផលវិជ្ជមានព្រោះវាបង្ហាញពីភាពចម្រុះនៃភាសា។
.jpg)
លើសពីនេះទៅទៀត ប្រទេសម៉ាឡេស៊ីមានការជឿជាក់ថា ៖ ចំណងទំនាក់ទំនងរបស់អាស៊ាននឹងកាន់តែមានភាពរឹងមាំឡើង តាមរយៈការបណ្ដុះបណ្ដាលមនុស្សជំនាន់ក្រោយ ឲ្យស្វែងយល់ពីភាសា ទំនៀមទម្លាប់ និងការផ្លាស់ប្ដូរវប្បធម៌គ្នាទៅវិញទៅមក។ មួយវិញទៀត វាក៏នឹងផ្ដល់ឪកាសការងារល្អៗដល់សិស្សបន្ថែមផងដែរ តាមរយៈការធ្វើអាជីវកម្ម និង ទេសចរណ៍នៅក្នុងតំបន់អាស៊ាម៕










