ខេត្តកំពង់ចាម ៖ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានចេញលិខិតជម្រាបជូនលោកអភិបាលស្រុកកងមាស ដើម្បីបញ្ចប់មុខតំណែងលោក ហែម គឹមសាធ មានតួនាទីជាប្រធានការិយាល័យ រដ្ឋបាល និងហិរញ្ញវត្ថុ ករណីយកប្រាក់ចំនួន៣៦០ដុល្លារ សម្រាប់ការកែតម្រូវសំបុត្រកំណើតពីប្រជាពលរដ្ឋម្នាក់ ។

តាមរយៈលិខិតជូនដំណឹង របស់អភិបាលខេត្តកំពង់ចាម បានអោយដឹងថា៖ រដ្ឋបាលទទួលបានពាក្យបណ្តឹងតាមបណ្តាញសង្គមគណនីហ្វេសបុកឈ្មោះ Chheng Sokly បានចុះផ្សាយពីឈ្មោះ ហែម គឹមសាធ ករណីយកប្រាក់ចំនួន ៣៦០ដុល្លារសហរដ្ឋអាមេរិក សម្រាប់ការកែតម្រូវសំបុត្រកំណើតប្រជាពលរដ្ឋ ឈ្មោះ ឆេង សុខលី រស់នៅភូមិអូរពពេល ឃុំខ្មៅ ស្រុកកងមាស ខេត្តកំពង់ចាម ។ រដ្ឋបាលខេត្ត បានចាត់ឱ្យក្រុមការងារ ដែលដឹកនាំដោយលោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត និងប្រធានអង្គភាពច្រកចេញចូលតែមួយខេត្ត បានចុះសិក្សាស្រាវជ្រាវលើករណីខាងលើ គឺពិតជាមានករណីដូចក្នុង បណ្តាញសង្គមគណនីហ្វេសបុកឈ្មោះ Chheng Sokly ពិតប្រាកដមែន។
ដូចនេះ ដើម្បីអនុវត្តវិធានការ ទៅលើមន្ត្រីដែលអនុវត្តកំហុសឆ្គង និងការពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលស្រុកកងមាស ឱ្យមានភាពល្អប្រសើរ រដ្ឋបាលខេត្ត សូមធ្វើការណែនាំដល់លោកអភិបាល នៃគណៈអភិបាលស្រុក កងមាស ដូចខាងក្រោម ៖
១. ត្រូវរៀបចំបែបបទបញ្ចប់មុខតំណែងលោក ហែម គឹមសាធ ពីប្រធានការិយាល័យ រដ្ឋបាល និងហិរញ្ញវត្ថុ មកជាមន្ត្រីសាលាស្រុកកងមាស ដោយមិនគិតពីទោសទណ្ឌផ្សេងៗទៀត ។
២. រដ្ឋបាលស្រុក ត្រូវតាមដាន ត្រួតពិនិត្យជាប់ជាប្រចាំលើការបំពេញតួនាទី ភារកិច្ចរបស់លោក ហែម គឹមសាធ ក្នុងករណីប្រព្រឹត្តកំហុសឆ្គងបន្តទៀត ត្រូវមានវិធានការតាម ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ។
៣. អភិបាលស្រុក ត្រូវខិតខំដឹកនាំរដ្ឋបាលស្រុករបស់ខ្លួន តាមលិខិតបទដ្ឋានគតិយុត្ត និងសេចក្តីណែនាំនានាឱ្យបានត្រឹមត្រូវ ។
៤. ត្រូវពង្រឹងកិច្ចការផ្តល់សេវា នៅការិយាល័យច្រកចេញចូលតែមួយ ឱ្យមានប្រសិទ្ធភាព ស្របតាមគោលការណ៍កំណត់ (ពេលវេលា និងតម្លៃសេវា) និងអាចទទួលយកបានពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
៥. ត្រូវរៀបចំកិច្ចប្រជុំ និងណែនាំដល់មន្ត្រីក្រោមឱវាទ ឱ្យពង្រឹងតួនាទី និងភារកិច្ចរបស់ខ្លួនជារៀងរាល់ខែ ។
៦. ក្នុងករណី មានបាតុភាពមិនប្រក្រតីណាមួយកើតឡើង នៅរដ្ឋបាលស្រុកបន្តទៀត រដ្ឋបាលខេត្ត នឹងមានវិធានការតាមនីតិវិធី នៃច្បាប់ និងលិខិតបទដ្ឋាន ដែលបានកំណត់ ។.jpg)
បន្ថែមពីនេះ លោកអភិបាលខេត្តកំពង់ចាម ក៏បានណែនាំទៅកាន់រដ្ឋបាលខេត្ត ដើម្បីបើកកិច្ចប្រជុំក្នុងការពង្រឹងតួនាទី និងភារកិច្ចរបស់មន្រ្តីក្រោមឳវាទជាប្រចាំ ជៀសវាងការប្រព្រឹត្តិខុសប្រក្រតីខុសពីលិខិតបទដ្ឋានដែលបានកំណត់។ ដោយឡែក ខាងមន្រ្តីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ក៏បានបញ្ជាក់ផងដែរថា៖ ការធ្វើ និងកែតម្រូវសំបុត្រកំណើត គឺមិនតម្រូវអោយបង់កម្រៃសេវានោះទេ៕










