តារាសម្តែង ចិន ចិន បានបាត់មុខពីវិស័យភាពយន្តអស់រយៈពេលជាច្រើនឆ្នាំមកហើយខណៈអ្នកគាំទ្រតែងតែជីកសួរអំពីការវិលត្រឡប់របស់នាង។ ជាមួយនឹងការទន្ទឹមរង់ចាំពីទស្សនិកជន ចិន ចិន បានទម្លាយថានាងនឹងមិនឈប់ពីវិស័យសម្តែងនោះទេគ្រាន់តែពេលនេះនាងរង់ចាំស្គ្រីបដែលល្អ ខណៈការឃ្លាតឆ្ងាយរបស់នាងពីវិស័យសិល្បៈគឺនាងបានសាកល្បងជាមួយអ្វីដែលថ្មីៗ។

ចិន ចិន គឺជាតារាសម្តែងដ៏ស្រស់ស្អាតតាមរយៈរឿងជាច្រើនជាពិសេសនៅក្នុងផលិតកម្មសាស្រ្តា ហ្វៀម ដោយឆក់បានតំណែងជាតួឯកស្រី។ កំពុងសាងភាពជោគជ័យលើអាជីពសិល្បៈនិងមានឈ្មោះបោះសំឡេង តារាស្រីរូបនេះក៏សម្រេចចិត្តបានសាងជីវិតគ្រួសារជាមួយអ្នកនិពន្ធ និងអ្នកដឹកនាំរឿងលោក ចាប សោមច័ន្ទរិទ្ធ ដែលអ្នកទាំងពីរបានរៀបការកាលពីខែឧសភា ឆ្នាំ២០២៤។
យ៉ាងណាមិញ ថ្មីៗនេះ ចិន ចិន បានបញ្ចេញវីដេអូខ្លីៗនៅលើបណ្តាញសង្គមបន្ទាប់ពីស្ងាត់ពីអាជីពសិល្បៈនិងវិស័យភាពយន្ត ខណៈនាងក៏បានទម្លាយពីមូលហេតុនៃការបាត់មុខនិងមិនទាន់មានការសម្តែងថ្មី។ ចិន ចិន បាននិយាយថា ការពិតទៅក្តីស្រម៉ៃរបស់នាងគឺចង់ធ្វើជាតារាសម្តែង ហើយក៏បានពិតមែន ហើយបន្ទាប់ពីសម្តែងបានប៉ុន្មានឆ្នាំបានមើលឃើញខ្លួនឯងថាក្រៅពីការសម្តែងអ្វីក៏មិនចេះចូលសង្គមគេមិនចុះ ស្តាប់អ្វីដែលគេនិយាយមិនយល់ មើលខ្លួនឯងថាមិនសូវឆ្លាត។
តារាស្រីរូបនេះបានបន្ថែមទៀតថា ក្រោយមកនាងក៏សម្រេចចិត្តចេញទៅសាកល្បងអ្វីដែលថ្មីៗហើយបានចូលធ្វើការនៅ Office ហើយក៏បានចូលក្រុមបាល់ទាត់នារីទៀត ហើយបទពិសោធន៍គឺថ្មីសម្រាប់នាងហើយក៏រៀនសូត្របានច្រើន។ ចិន ចិន បន្តទៀតថា ក្រោយមកនាងដឹងថាអនាគតការងារមិនចេញឆ្ងាយពីAI និងឌីជីថល ទើបនាងសម្រេចថតវីដេអូខ្លួនឯងចែករំលែកពីគំនិតរបស់ខ្លួន និងរៀនសូត្រអ្វីដែលថ្មីទៀត។

ចិន ចិន ចំពោះការសម្តែងវិញនាងមិនបោះបង់ចោលក្តីស្រមៃនោះទេនាងនឹងនៅតែសម្តែង គ្រាន់តែរាល់ថ្ងៃនេះនាងរង់ចាំស្គ្រីបណាដែលល្អ ចាំពេលណានាង Comeback ចំពេលជាមួយគម្រោងដែលល្អជូនទៅកាន់អ្នកដែលតែងតែគាំទ្រនាងកន្លងមក។ 
គួរបញ្ជាក់ថាតាមរយៈស្នាដៃការសម្តែងកន្លងមក ចិន ចិន ធ្លាប់ប៉ះដៃគូជាមួយតារាប្រុសល្បីៗជាច្រើនដូចជា យ៉ារ៉ូ , ជា លាងឈែ តារាចម្រៀង សេម, និង ម៉ឺនឯក សុភារិទ្ធ ជាដើម៕










