ប្រទេសចិន ៖ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋាភិបាលចិនបានហាមពលរដ្ឋបង្ហោះអួ.តទ្រព្យសម្បត្តិហូរហៀរក្នុងបណ្តាញសង្គម និងបិទគណនី Influencer ជាង៤ពាន់នាក់ ដោយសារបង្ហាញពីទ្រព្យសម្បត្តិ និងការរស់នៅហ៊ឺហារលើគំនរមាសប្រាក់ក្នុងបណ្តាញសង្គម ។ ការហាមឃាត់ពលរដ្ឋរបស់រដ្ឋាភិបាលចិន គឺក្នុងគោលបំណងកាត់បន្ថយគម្លាតសង្គម និងគម្លាតប្រាក់ចំណូលពលរដ្ឋ ។

សារព័ត៌មាន South China Morning រាយការណ៍ថា កន្លងមក រដ្ឋាភិបាលចិនបានបិទគណនី Influencer ឬបុគ្គលល្បីល្បាញក្នុងបណ្តាញសង្គមចំ នួន៣នាក់ ដែលមានអ្នកតាមដានរាប់លាននាក់ ពីព្រោះគណនីទាំងនេះតែងតែបង្កើតមាតិកាអួតទ្រព្យសម្បត្តិសម្បូរបែបរបស់ខ្លួន ។ Influencer ទាំងនេះថែមទាំងបង្ហោះពីជីវិតស៊ីវិល័យ ហ៊ឺហារក្នុងបណ្តាញសង្គម ដូចជា ៖ Weibo, Tencent, Douyin និង Xiaohongshu ។
ការបង្ហោះពីទ្រព្យសម្បត្តិ លុយកាក់ និងមាសប្រាក់ ដើម្បីក្លាយជាតារាល្បី ឬអយដលក្នុងបណ្តាញសង្គមនឹងត្រូវបញ្ចប់ ក្រោយពីរដ្ឋាភិបាលចិនបញ្ជាឱ្យបិទបណ្តាញសង្គមទាំងអស់របស់ Influencer ទាំង៣រូប ព្រមទាំងហាមឃាត់ការប្រើប្រាស់បណ្តាញសង្គម ។ លើសពីនេះ គណនីបណ្តាញសង្គមរបស់ Influencer ចិនជាច្រើននាក់ទៀតត្រូវបានបិទចោលទាំងអស់ ដោយសារពួកគេបង្ហោះរូបភាពពីជីវិតរស់នៅលើគំនរមាសប្រាក់ ។
.png)
រដ្ឋាភិបាលចិនបានចេញវិធានការគ្រប់គ្រងការបង្ហោះទ្រព្យសម្បត្តិក្នុងបណ្តាញសង្គម គឺក្នុងគោលបំណងកាត់បន្ថយគម្លាតសង្គម និងគម្លាតប្រាក់ចំណូល ។ វិធានការនេះពុំបានបញ្ជាក់ថា «ហាមពលរដ្ឋអួតទ្រព្យសម្បត្តិ» ទេ ប៉ុន្តែវាជាការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើការបង្ហោះខ្លឹមសារពុំសមរម្យក្នុងបណ្តាញសង្គមនានា ដូចជា ៖ Weibo, Douyin និង Xiaohongshu ។
បច្ចុប្បន្ន រដ្ឋាភិបាលចិនបានលុបចោលការបង្ហោះអួតទ្រព្យសម្បត្តិ និងបង្ហោះខ្លឹមសារពុំសមរម្យ រហូតដល់ជាង៦ម៉ឺនមាតិកា, បិទការផ្សាយផ្ទាល់ ១,១៧៤លើក និងបិទគណនី Influencer ជាង៤ពាន់នាក់ ។ រីឯកម្មវិធី Weibo បានលុបចោលការបង្ហោះខ្លឹមសារពុំសមរម្យ រហូតដល់ជាង១,១០០មាតិកា ខណៈកម្មវិធី Douyin និង Xiaohongshu ក៏បានលុបចោលការបង្ហោះខ្លឹមសារពុំសមរម្យជាច្រើន និងលុបគណនីអ្នកប្រើប្រាស់ផងដែរ ៕










