លោក ម៉ៃ សុគន្ធ បានបង្ហោះសំណេរមួយបង្កឱ្យមានការចាប់អារម្មណ៍ពីអ្នកលេងបណ្តាញសង្គមក្រោយនិយាយពី Rapper ភ្លេចកំណើត ភ្លេចមិត្តកម្សត់កម្រជាមួយគ្នា ចរិតឡូយ តោងគ្រូល្បី។ ខណៈសំណេរនេះមានការចាប់អារម្មណ៍ច្រើន OG Golden បានបង្ហោះសំណេរមួយដែរថាមិនចេះលេងទេ Marketing យកភាពល្បី។ ការបង្ហោះនេះបានធ្វើឱ្យមានការសង្ស័យថាអ្នកទាំងពីរផ្លែផ្កាឱ្យគ្នា។
នៅយប់ថ្ងៃទី២៤ ម៉ៃ សុគន្ធ រហ័្សសនាមមហាទើសបានបង្ហោះនៅលើបណ្តាញសង្គមថា «
Rapper ទើបរះ ប្រឹងរះតិច ប្រយ័ត្នលិចទៅវិញ ធ្វើជាមនុស្សកុំភ្លេចកំណើតណា(ចរិតវិញ ១០កុងទីណ័រ ថែម៥ស្បោងទៀត ពួកម៉ាកកម្សត់កម្រវាក៏វាមិនរាប់ដែរម៉ា អាRapper តោងគ្រូល្បី»។ ការបង្ហោះនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនចាប់អារម្មណ៍មានការបញ្ចេញមតិវែកញែកជាច្រើន អ្នកខ្លះក៏ចង់ឱ្យ ម៉ៃ សុគន្ធ ដាក់ឈ្មោះមកចំៗផងដែរ។
ស្របពេលទស្សនិកជនមួយចំនួនមានការចាប់អារម្មណ៍ទៅកាន់សំណេររបស់ ម៉ៃ សុគន្ធ ស្រាប់តែ OG Golden ដែលជាម្ចាស់ពានក្នុងកម្មវិធីប្រលងចម្រៀងរ៉េបថ្មីថ្មោងមួយរូបចេញមកព្រលយពាក្យទាំងយប់ដែរថា «មិនចេះលេងទេ marketing យកភាពល្បី មិនចេះលេងខូចដូចក្មេងកំហូចជឿក្មេងលេងដី..»។ ការបង្ហោះរបស់ OG ត្រូវបានហ្វេនៗចូលទៅខម្មិនលើកទឹកចិត្តកុំឱ្យ OG ខ្វល់ពីសម្តីអ្នកដទៃ ព្រោះដើមឈើដែលលូតខ្ពស់រមែងត្រូវភ្លៀងខ្យល់បែបនេះហើយ។
បន្ទាប់ពីការបង្ហោះរបស់ ម៉ៃ សុគន្ធ និង OG ទៅលើសំណេររៀងៗខ្លួនដោយមិនបញ្ចេញឈ្មោះខាងលើនេះគឺត្រូវបានគេសង្ស័យថាអ្នកទាំងពីរគឺផ្លែផ្កាឱ្យគ្នាទៅវិញទៅមក។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពី OG Golden ក្លាយជាម្ចាស់ពានមកជារឿយៗត្រូវរងនូវសម្តីផ្លែផ្កាថាជាប់ព្រោះក្តីអាណិត ដែលគ្រូបង្វឹក OG គឺ Ruthko ទទួលមរណភាពទាំងកម្មវិធីមិនទាន់បញ្ចប់។ ទោះជាយ៉ាងនេះក្តី KingChi ធ្លាប់ចេញមកនិយាយដែរថាការជាប់របស់គេគឺតាមរយៈការបោះឆ្នោតរបស់មហាជនហើយបេក្ខជន៥នាក់ចុងក្រោយសុទ្ធតែមានសមត្ថភាពដូចគ្នា៕










