សហភាពអឺរ៉ុប នឹងសាងសង់ស្ពានមួយខ្សែតម្លៃជាង១០លានអឺរូ ឬប្រមាណជា១១លានដុល្លារភ្ជាប់ទៅកាន់កោះខ្សាច់ទន្លា នៅក្នុងស្រុកស្អាង ខេត្តកណ្ដាល ដើម្បីសម្រួលការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករចូលទៅកាន់ទីផ្សារ។
បើតាមលោកស្រី Nicola Beer អនុប្រធានធនាគារវិនិយោគអឺរ៉ុប(EIB) បានថ្លែងថា៖”ក្រោមជំនួយប្រមាណ៨៧លានដុល្លារ អឺរ៉ុបនឹងបែងចែកសម្រាប់ការសាងសង់ស្ពានមួយខ្សែ ដើម្បីតភ្ជាប់កោះខ្សាច់ទន្លាមកតំបន់ដីគោក តែការចាប់ផ្តើមសាងសង់នៅពេលណានោះទេ ខណៈការសាងសង់ស្ពានត្រូវឆ្លងកាត់ការសិក្សាគម្រោង និងសិក្សាពីផលប៉ះពាល់ជាមុនសិន”។
លោកស្រី បានបញ្ជាក់ថា៖”មូលហេតុដែលជ្រើសរើសយកទីតាំងកោះខ្សាច់ទន្លា ដើម្បីសាងសង់ស្ពានតភ្ជាប់ ដោយសារនេះជាការឱ្យយោបល់ និងស្នើពីក្រសួងពាក់ព័ន្ធនៅក្នុងកិច្ចពិភាក្សា”។
បន្ថែមពីនេះ សហភាពអឺរ៉ុបក៏មើលឃើញថាពលរដ្ឋនៅកោះខ្សាច់ទន្លាមានសក្តានុពលផ្នែកកសិកម្ម។ ពោលកសិករមានការដាំដុះបានល្អ ប៉ុន្តែមានភាពលំបាកក្នុងការដឹកជញ្ជូនកសិផលរបស់ខ្លួនទៅលក់ទីផ្សារទៅវិញ។
ហេតុដូច្នេះ ស្ពានមួយខ្សែនេះនឹងជួយសម្រួលដល់ការដឹកជញ្ជូនកសិផលចែកចាយទៅតំបន់នានា និងជួយដល់ការធ្វើដំណើរសិក្សារៀនសូត្ររបស់ពលរដ្ឋនៅលើកោះនោះ៕










