ការរាំស្ទាក់សុំលុយ ហាក់បានក្លាយជាទំលាបទំលាប់មួយ ដែលមនុស្សជាច្រើនតែងនាំគ្នារាំនៅតាមដងផ្លូវ ដោយចាំស្ទាក់សុំលុយអ្នកធ្វើដំណើរ។
ជាទូទៅ ការរាំស្ទាក់សុំលុយ ធ្វើឡើងតាមផ្លូវក្នុងភូមិ ដោយអ្នកភូមិស្ទាក់ម៉ូតូ ឬរថយន្ត ដើម្បីប៉ាតម្សៅ ឬស្រោចទឹក រួចហើយក៏សុំជាថវិកា ដើម្បីទុកទិញម្សៅ ឬបង់ថ្លៃទឹកជាដើម។
សកម្មភាពនេះ បានបង្កើតជាទម្លាប់អាក្រក់ និងបង្កភាពអណាធិបតេយ្យតាមផ្លូវ ដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍បានយ៉ាងងាយ។
ពាក់ព័ន្ធនឹងករណីនេះ ខេត្តកណ្ដាល បានក្លាយជាខេត្តដំបូងគេ ដោយចេញសេចក្តីប្រកាសហាមឃាត់សកម្មភាពរាំស្ទាក់សុំលុយ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាខែមេសា ខាងមុខនេះ។
ជាមួយគ្នានេះដែរ ឯកឧត្តមគួច ចំរើន អភិបាលខេត្តកណ្តាល ក៏បានសំណូមពរឱ្យកងកម្លាំងក្រុង និងស្រុក ខិតខំផ្សព្វផ្សាយ កុំឱ្យពលរដ្ឋលេងល្បែងនេះ ដែលអាចប៉ះពាល់ដល់សិទ្ធអ្នកធ្វើដំណើរ។
លើសពីនេះ រដ្ឋបាលខេត្តកណ្តាល ក៏បានអំពាវនាវឱ្យពលរដ្ឋក្នុងមូលដ្ឋាន ចូលរួមកម្សាន្តថ្ងៃចូលឆ្នាំខ្មែរ លេងដោយសេចក្តីថ្លៃថ្នូរ ទើបសមជាប្រជាជនគំរូ និងជាខេត្តដែលគេអោយតម្លៃ៕










