ក្រោយពីឃ្លាតឆ្ងាយពីគ្នាមួយរយៈធំប្រមាណជា១០ខែចាប់តាំងពីថ្ងៃប្រកាសរំសាយក្រុម ប៉ូឡារិច រហូតធ្លាយពាក្យចចាមអារ៉ាមថាមានការបែកបាក់ផ្ទៃក្នុងថែមទាំង ជូវី លីន ចេញបទ Diss Track ពេលនេះ នរិទ្ធ និង ជូវី លីន បានបង្ហាញសកម្មភាពលើកដំបូងជាមួយគ្នានៅកន្លែងហាត់ប្រាណ។ នេះអាចបញ្ជាក់ថាទោះបីជាពេលនេះវិថីសិល្បៈរបស់អ្នកទាំងពីរដើររៀងៗខ្លួនពិតមែន ប៉ុន្តែការស្រលាញ់និងទំនាក់ទំនងនៅតែមានចំពោះគ្នាជានិច្ច។

ថ្មីៗនេះមានវីដេអូមួយបានចែករំលែកនៅលើបណ្តាញសង្គមពីក្រុមអ្នកគាំទ្រមានឈ្មោះថា Polarix Universe បានបង្ហាញរូបភាព ជូវី លីន និង នរិទ្ធ កំពុងបង្រៀនគ្នានៅកន្លែងហាត់ប្រាណ។ ចុងក្រោយនេះកំលោះសង្ហា នរិទ្ធ គឺបានទៅហាត់ប្រាណជាញឹកញាប់ក្នុងនោះក៏ឃើញមានវត្តមានរបស់ GMENGz ផងដែរ។ 
រូបភាពរបស់ ជូវី លីន ដែលបានចាកចេញពីទ្រនំចាស់ដើរលើវិថីឯករាជ្យ និង នរិទ្ធ បង្ហាញខ្លួនជាមួយគ្នាឱ្យហ្វេនៗបានឃើញនេះពិតជាបានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តជាមួយព្រោះអស់រយៈពេលជាច្រើនខែមកហើយដែលអ្នកទាំងពីរមិនបានបង្ហាញសកម្មភាពរួមគ្នានោះទេ។ កាលពីកន្លងមកនេះដ្បិតថាបានឃ្លាតឆ្ងាយពីគ្នាមិនស្ថិតនៅក្នុងក្រុមប៉ូឡារិច ដូចមុន ប៉ុន្តែគេបានដឹងថាកាលពី នរិទ្ធ មានការសម្តែងតារាចម្រៀង ជូវី លីន ក៏បានចែករំលែកបង្ហាញការគាំទ្រទៅកាន់មិត្តរួមក្រុម។.png)
ភាពព្រួយបារម្ភរបស់អ្នកគាំទ្រកន្លងមកខ្លាចមានបញ្ហាល្អក់កករដែលពិបាកផ្សាភ្ជាប់ទំនាក់ទំនងនោះគឺបន្ទាប់ពីប្រកាសរំសាយក្រុម ប៉ូឡារិច កាលពីខែឧសភា ឆ្នាំ២០២៤ ក្រោយមក ជូវី លីន បានចេញបទចម្រៀងមួយបទមានចំណងជើងថា «Lying» ហើយត្រូវបានទស្សនិកជនគិតថាគឺជាបទចម្រៀង Diss Track ខណៈលោកនិង ពន្លឺ នៃសមាជិកក្មេងខ្មែរក៏បានចេញបទនេះជា Lying Remix ដោយសារតែអ្នកទាំងពីរមានប.ញ្ហាដូចគ្នាជាមួយបុគ្គលធំជាងសិល្បករ។
សកម្មភាពនេះបានឆ្លុះបញ្ចាំងឱ្យអ្នកគាំទ្រឃើញថា ទោះបីជា ជូវី លីន និង នរិទ្ធ លែងនៅក្នុងផលិតកម្មតែមួយ លែងធ្វើការជាក្រុមដូចមុន មានរឿងអ្វីធ្លាប់កើតឡើងក៏ដោយប៉ុន្តែមិត្តភាពដ៏យូរអង្វែងរបស់អ្នកទាំងពីរនៅតែមានចំពោះគ្នាជានិច្ច៕










