ថ្មីៗនេះអ្នកលេងបណ្តាញសង្គមបានបង្ហាញឱ្យឃើញពីទិដ្ឋភាពនៅប្រទេសជប៉ុនពីរូបភាពរបស់ វណ្ណដា លេចមុខនៅលើផ្ទាំង LED ក្នុងបទចម្រៀងសហការ៥ប្រទេសរួមគ្នា។ លើសពីនេះ Billboard គេហទំព័រដ៏ធំមួយរបស់អាម៉េរិកក៏បានចុះផ្សាយពីបទ «ASIAN STATE OF MIND» និងរៀបរាប់ពីប្រវត្តិ វណ្ណដា ដែលបានណែនាំតន្ត្រីខ្មែរនៅលើឆាកពិភពលោក។

នៅលើទិកតុកបានបង្ហាញឱ្យឃើញថាបទ «ASIAN STATE OF MIND» ពីតារារ៉េបជប៉ុន កូរ៉េខាងត្បូង ចិន ឥណ្ឌា និងប្រទេសកម្ពុជាអណ្តែតឡើងនៅលើផ្ទាំង LED ដ៏ធំក្នុងប្រទេសជប៉ុន។ តាមការចែករំលែកគឺបានបង្ហាញថា វណ្ណដា លេចឡើងនៅ Shibuya ក្នុងទីក្រុង Tokyo ។ នេះជាលើកទី២ហើយដែល វណ្ណដា បានលេចមុខនៅលើផ្ទាំង LED នៅក្នុងប្រទេសជប៉ុន ខណៈកន្លងមកក្នុងពេលដែលតារាចម្រៀងរូបនេះចេញទៅសម្តែងលើកដំបូងកាលពីខែកក្កដា ឆ្នាំ២០២៣ ក៏មានរូបភាពលោកដូចគ្នាទាស់ត្រង់ថាលើកនេះកាន់តែធំជាងមុននិងឡូយឆាយ។
ជាមួយនឹងការផ្សព្វផ្សាយនៅក្នុងប្រទេសជប៉ុនអ្នកគាំទ្រក៏បានចែករំលែកដំណឹងរីករាយមួយទៀតគឺតារាចម្រៀងរ៉េប វណ្ណដា ដែលបានសហការ៥ប្រទេសរួមគ្នាគឺត្រូវបានគេហទំព័រដ៏ធំ Billboard របស់អាម៉េរិកចុះផ្សាយផងដែរ។ ក្នុងការចុះផ្សាយរបស់ Billboard គឺបានបង្ហាញថាវណ្ណដា កើតនៅក្រុងព្រះសីហនុក្នុងឆ្នាំ១៩៩៧ ទទួលបានជោគជ័យក្នុងការក្លាយជាសិល្បករខ្មែរដំបូងគេដែលមានវីដេអូចម្រៀង Time to Rise ទទួលបានអ្នកចូលមើលជាង ១០០ លានដងនៅលើ YouTube ក្នុងខែតុលា ឆ្នាំ២០២២។
Billboard ក៏បានបង្ហាញទៀតថា វណ្ណដា ត្រូវបានបញ្ចូលក្នុងបញ្ជីតន្ត្រីអាស៊ីប៉ាស៊ីហ្វិក 30 Under 30 Asia-Pacific នៅឆ្នាំបន្ទាប់ ហើយបានបន្តសម្តែងរួមជាមួយនឹងកម្មវិធីបិទកីឡាអូឡាំពិកនៅទីក្រុងប៉ារីសនិងសកម្មភាពផ្សេងៗទៀតរួមទាំងសរសើរទៀតថា វណ្ណដា បាន ណែនាំតន្ត្រីខ្មែរនៅលើឆាកពិភពលោក។
ដំណឹងល្អផ្ទួនៗនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍មានមោទនភាពចំពោះ វណ្ណដា ដែលធ្វើឱ្យវិស័យតន្រ្តីកម្ពុជាកាន់តែមានមុខមានមាត់នៅលើឆាកអន្តរជាតិ៕










