តារាកំប្លែងជើងចាស់ដ៏មានប្រជាប្រិយមួយរូបអ្នកស្រី អុន សុភឿន ហៅ គ្រត បាននិយាយក្នុងបទសម្ភាសន៍ទាំងអួលដើមកថាសិល្បករចាស់ៗគេមើលមិនសូវឃើញទេទោះបីមានសមត្ថភាព ខណៈខ្លួនអ្នកស្រីសឹងតែដើរចេញពីវិថីនេះទៅហើយប៉ុន្តែអំណាចនៃការគាំទ្ររបស់ទស្សនិកជនទើបនៅតែបន្ត។
តារាកំប្លែង គ្រត បាននិយាយនៅក្នុងបទសម្ភាសន៍ «អ្នកជិតខាង» ថា កាលពីមុនធ្លាប់បានផ្តល់បទសម្ភាសន៍នៅក្នុងកម្មវិធីមួយថាពេលខ្លះចង់ដើរចេញ តែបងប្អូននៅតែត្រូវការ ចឹងនៅតែធ្វើ។ ឈរជើងលើអាជីពសិល្បៈជាង៤០ឆ្នាំតារាកំប្លែង គ្រត បានបន្តទាំងអួលដើមកថា សិល្បករចាស់ៗគេមើលមិនសូវឃើញទេតែសមត្ថភាពមានគ្រប់ ពេលខ្លះមិនឱ្យតម្លៃខ្ពស់មកតិច តិចៗៗអត់ទៅថតសុខចិត្តស៊ីប្រាក់ខែរដ្ឋធម្មតា។ អ្នកស្រី អុន សុភឿន ថាខ្លួនមានសមត្ថភាពតែគេមើលមិនឃើញសមត្ថភាពរបស់យើង ចាស់ស្គាល់ផ្លូវតែក្មេងដើរលឿន។
តារាកំប្លែងចាស់វស្សារូបនេះក៏បាននិយាយពីឧបសគ្គនៅក្នុងអាជីពសិល្បៈមានអ្នកមិនឱ្យតម្លៃមើលលើមើលក្រោម។ លើសពីនេះតារាកំប្លែងគ្រត ថាសិល្បៈអត់ចោលកាច់កុងគ្នាទេមិនថាវិស័យណាក៏ដោយគឺមានការកាច់កុងគ្នា ប៉ុន្តែខ្លួនអ្នកស្រីសុខចិត្តធ្វើជាទឹក ធ្វើជាថ្ម មិនធ្វើជាភ្លើង មិនចង់មានសត្រូវជាមួយអ្នកណាម្នាក់នៅលើពិភពលោកនេះទេ។ ក្នុងនោះក៏មានការបញ្ជាក់ថាខ្លួនអ្នកស្រីអត់មានថាអត់ស្តីអ្នកណាមួយសូម្បីតែរង្វង់សិល្បៈការងារគឺខ្លួនអ្នកស្រីទាបបំផុត សម្រាប់ឱ្យគេខ្ពស់តែខ្លួនទាប ដាក់ខ្លួនជានិច្ច។
គួរបញ្ជាក់ផងដែរថា ក្រៅពីអាជីពជាតារាកំប្លែង អ្នកស្រីក៏បានសម្តែងក្នុងភាពយន្តដ៏ល្បីល្បាញមានចំណងជើងថា «លោកគ្រូ ប្រពន្ធល្អ» ជាមួយលោក ព្រហ្ម ម៉ាញ ក្រោយការដឹកនាំរបស់លោក ឆាយ បូរ៉ា។ ជាពិសេសតាមការសម្តែងរឿងនេះជំរុញឱ្យតារាកំប្លែង គ្រត បានឈ្នះពានអន្តរជាតិលើកដំបូងក្នុងអាជីពជាង៤០ឆ្នាំកន្លងមកនេះក្នុងកម្មវិធី Cambodia Asian film festival លើកទី២ ដែលប្រព្រឹត្តឡើងកាលពីខែសីហា ឆ្នាំ២០២៤ នេះ៕










