មនុស្សភាគច្រើនជឿថា បើអ្នកណាម្នាក់សុបិនឃើញពស់ដេញតាម បង្ហាញថា អ្នកនោះនឹងជិតដល់គូព្រេងនាពេលឆាប់ៗ ប៉ុន្តែអ្នកខ្លះទៀតបែរជាបារម្ភពីហេតុការណ៍មិនល្អកើតឡើង ពេលសុបិនឃើញពស់ ។
សូមកុំបារម្ភអី ពីព្រោះការសុបិនឃើញពស់ មិនមែនជាការប្រាប់ពីហេតុការណ៍អាក្រក់ទាំងអស់ទេ ប៉ុន្តែវាអាចប្រាប់ពីហេតុការណ៍ល្អៗជាច្រើន ។
យោងតាមតម្រាកាត់សប្តិបុរាណបង្ហាញថា បើសុបិនឃើញពស់ លោកអ្នកនឹងជួបហេតុការណ៍ដូចខាងក្រោមនេះ ៖
១-ស្នេហា ៖ បើនៅលីវ ហើយសុបិនឃើញពស់រឹតខ្លួន គឺយើងនឹងជួបគូព្រេង និងអាចចូលរោងការ ។ ប៉ុន្តែបើមានប្តី-ប្រពន្ធ ឬគូស្នេហ៍រួចហើយ ការសុបិនឃើញពស់ ពុំមែនមានន័យថា យើងនឹងជួបមនុស្សថ្មីទេ គឺមានន័យថា ទំនាក់ទំនងប្តី-ប្រពន្ធ ឬគូស្នេហ៍នឹងកាន់តែផ្អែមល្ហែមលើសមុន ។
២-ការផ្លាស់ប្តូរ ៖ ការសុបិនឃើញពស់ អាចបញ្ជាក់ពីការផ្លាស់ប្តូរ ឬចាប់ផ្តើមធ្វើអ្វីថ្មីៗ មានន័យថា យើងនឹងចាប់ផ្តើមធ្វើអ្វីមួយថ្មីដ៏ល្អក្នុងជីវិត ។
.png)
៣-ដាស់តឿន ៖ បើសុបិនឃើញពស់ដេញតាម មានន័យថា ឱ្យយើងប្រញាប់ធ្វើអ្វីមួយ ។ ពស់កំពុងតែដាស់តឿនឱ្យយើងប្រុងប្រយ័ត្នខ្លួននូវហេតុការណ៍បម្រុងនឹងកើតឡើង ឬពេលខ្លះ យើងអាចមានសត្រូវចាស់ និងសត្រូវថ្មី កំពុងគិតមិនល្អ ។ ហេតុនេះ ចូរប្រញាប់ធ្វើបុណ្យចែកទានដើម្បីឧទ្ទិសកុសលឱ្យម្ចាស់កម្មពៀរ ។.png)
៤-លាភសំណាង ៖ ការសុបិនឃើញពស់អាចមានន័យថា យើងនឹងទទួលបានលាភសំណាងក្នុងការផ្សងសំណាង ។ ប៉ុន្តែវាអាស្រ័យលើរាសីរបស់យើងផងដែរ បើសំណាងល្អ យើងនឹងក្លាយជាសេដ្ឋីមានប្រាក់ច្រើនត្រឹមមួយប៉ព្រិចភ្នែក ។

៥-ការងារ ៖ បើសុបិនឃើញពស់នៅក្នុងផ្ទះ ឬវារចូលផ្ទះ មានន័យថា ការងាររបស់យើងនឹងជោគជ័យរីកចម្រើនទៅមុខ ឬចៅហ្វាយនាយអាណិតអាសូរ និងជួយការងាររបស់យើង ។ ក្រៅពីនេះ យើងនឹងមានឱកាសឡើងតួនាទីការងារ ប៉ុន្តែគួរតែចេះឱនលំទាននៅកន្លែងការងារផងដែរ ដើម្បីឱ្យចៅហ្វាយនាយស្រឡាញ់ចូលចិត្ត ។
៦-ប្រុងប្រយ័ត្នខ្លួន ៖ បើសុបិនឃើញពស់មានពិស ឬពស់វែកនៅជុំវិញខ្លួន មានន័យថា ឱ្យយើងប្រយ័ត្នបញ្ហាអាចកើតឡើងក្នុងក្រុមគ្រួសារ ដូចជា ៖ ការបាត់បង់ប្រាក់កាសដោយមិនដឹងខ្លួន ។ ដូច្នេះ ចូរគិតឱ្យគ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្តធ្វើអ្វីមួយ ហើយរឿងអាក្រក់នឹងកន្លងផុតទៅ ៕










