តំបន់អន្ទង់អាំងភ្នំ១៥០០ នៃខេត្តពោធិ៍សាត់ នឹងត្រូវរៀបចំឱ្យទៅជាតំបន់បៃតង ក្នុងស្រុកវាលវែង ហេតុដូច្នេះរដ្ឋបាលខេត្តបានតម្រូវឱ្យពលរដ្ឋដែលពាក់ព័ន្ធនឹងតំបន់នេះ ធ្វើការរុះរើ និងចាកចេញមុនរយៈពេល១៥ថ្ងៃ។

បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់ បានស្នើសុំឱ្យពលរដ្ឋធ្វើការរុះរើ ចេញពីអន្ទង់អាំង ដោយខ្លួនឯង ឱ្យបានតាមការកំណត់ ក្នុងករណីមិនព្រមរុះរើ រដ្ឋបាលខេត្ត នឹងចាត់វិធានការទៅតាមផ្លូវច្បាប់។

ក្នុងករណីផុតពេលកំណត់ ពលរដ្ឋនៅតែមិនព្រមរុះរើ និងចាកចេញដោយខ្លួនឯងនោះទេ រដ្ឋបាលខេត្ត មិនទទួលខុសត្រូវចំពោះការខូចខាតទ្រព្យសម្បត្តិ សម្ភារៈដែលមានតម្លៃ និងផលប្រយោជន៍ផ្សេងៗនោះទេ។

បន្ថែមពីនេះ ពលរដ្ឋដែលមិនព្រមចេញ ក៏ត្រូវប្រឈមនឹងការទទួលខុសត្រូវចំពោះមុខច្បាប់ ដែលបានកំណត់ ក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ តាមមាត្រា៨៥០ ដោយបានចែងថា៖ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០០,០០០,០០០ រៀល ទៅ ៥០០,០០០,០០០រៀល៕