កងទ័ពរំដោះប្រជាជនចិន បានចេញសេចក្តីព្រមានភ្លាមៗ លើការប្រឆាំងនឹងការបំបែកខ្លួនរបស់តៃវ៉ាន់ ពីប្រទេសចិន។
បើតាមអ្នកនាំពាក្យយោធាចិនលោក Wu Qian បានព្រមានថា៖”ចិន នឹងធ្វើសកម្មភាពលឿនបំផុត ប្រសិនបើកោះតៃវ៉ាន់ប្រកាសឯករាជ្យ ហើយប្រទេសដែលគាំទ្រតៃវ៉ាន់ត្រូវតែដកខ្លួនចេញ បើមិនដូចច្នេះភ្លើងសង្គ្រាមអាចនឹងកើតមានឡើង”។
យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយទេ ដែលចិនព្រមានតៃវ៉ាន់ ព្រោះកន្លងមក ចិនតែងតែព្រមាននឹងប្រើកម្លាំងយោធា ដើម្បីទាមទារកោះនេះមកគ្រប់គ្រងវិញ។
នាប៉ុន្មានឆ្នាំចុងក្រោយនេះ តៃវ៉ាន់ បានសម្ងំស្វែងរកប្រទេសគាំទ្រ ដើម្បីឱ្យខ្លួនប្រកាសឯករាជ្យ និងក្លាយជាប្រទេសពេញសិទ្ធមានការទទួលស្គាល់ពីអង្គការសហប្រជាជាតិ។
គួរបញ្ជាក់ថា តៃវ៉ាន់ មិនត្រូវបានគេចាត់ទុកជាប្រទេសពេញលេញនោះទេ ក្រោយមានតែ១២ប្រទេសប៉ុណ្ណោះ នៃសមាជិកអង្គការសហប្រជាជាតិចំនួន១៩៨ ទទួលស្គាល់ប្រទេសនេះជារដ្ឋឯករាជ្យ៕










