តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ទុំ សុវត្ថិ បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីលោកបានបង្ហោះសំណេរក្តៅគគុកមិនអាចទទួលយកបាននូវអត្តចរិតរបស់រៀមច្បងធ្វើដូចមួយប្រទេសមានតែឯង។ សំណេរនោះមិនដឹងថា ទុំ សុវត្ថិ ខឹងសម្បារទៅកាន់រៀមច្បងរូបណាឡើយ ហើយមិនដឹងថាមានរឿងអ្វីធ្ងន់ធ្ងរដល់ថ្នាក់លោកបង្ហាញអារម្មណ៍ឆ្អែតចិត្តបែបនេះ។

ទស្សនិកជនជ្រាបមកហើយថា ទុំ សុវត្ថិ គឺអតីតបេក្ខជនប្រលងធ្លាក់នៅក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ ដែលទទួលបានការចាប់អារម្មណ៍ផ្អើលប្រទេសព្រមទាំងទទួលបានការសណ្តោសប្រណីពីថ្នាក់ដឹកនាំផងដែរ។ បន្ទាប់ពីការប្រកួតនោះមក ទុំ សុវត្ថិ បានបង្ហាញខ្លួនជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេកាលពីខែមេសា ឆ្នាំ២០២៣។
.png)
យ៉ាងណាមិញ ថ្មីៗនេះ ទុំ សុវត្ថិ បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីលោកបានបង្ហោះសំណេរយ៉ាងក្តៅគគុកព្រោះធ្លាប់តែភាគច្រើនរៀមច្បងបានចេញមកនិយាយពីអត្តចរិតមិនសូវល្អរបស់សិល្បករប្អូនៗ ប៉ុន្តែ ទុំ សុវត្ថិ វិញគឺបានបង្ហាញអារម្មណ៍ឆេះឆួលជាមួយសិល្បកររៀមច្បងវិញ។
នៅល្ងាចថ្ងៃទី៥ មីនា តារាចម្រៀង ទុំ សុវត្ថិ បានបង្ហោះសំណេរថា «ខ្ញុំឆ្អែតហើយជាមួយចរិតរៀមច្បងម៉ាកៗហ្នឹង ធ្វើដូចមួយប្រទេសមានតែឯង ចាំទុកណារៀមច្បង!តែរៀមច្បងធ្វើឱ្យគោរពខ្ញុំសែនគោរព ណាស់បងៗដែលធ្លាប់ស្គាល់ខ្ញុំគាត់ប្រាកដជាដឹងច្បាស់ពីចរិតខ្ញុំ! តែកន្លងមកខ្ញុំទប់ណាស់សែនទប់មែនទែនតែឥលូវនេះទប់ លែងជាប់ហើយខ្ញុំសុំអនុញ្ញាតបញ្ចេញអារម្មណ៍ដ៏ពិបាកទ្រាំ នេះមួយសិនហើយ (ឬកន្លងមកខ្ញុំនេះស្លូតពេក)»។

ក្រោយពីបញ្ចេញកំហឹងរួចទៅកាន់រៀមច្បងដែលមិនបញ្ចេញអត្តសញ្ញាណនេះ ឃើញថាសំណេររបស់ ទុំ សុវត្ថិ ក៏លែងឃើញជាសាធារណៈទៀត ខណៈមន្ទិលសង្ស័យនៅតែកើតមានតើម្ចាស់បទ «ឱបមិនចង់លែង» ខឹងសម្បារឆ្អែតចិត្តនឹងរៀមច្បងរូបណា ជារៀមច្បងក្នុងទ្រនំតែមួយឬរៀមច្បងក្រៅទ្រនំនោះទេដែលធ្វើអត្តចរិតដែលលោកមិនអាចទទួលយកបាន៕










