កាលពីកន្លងមកនេះតារារ៉េប វណ្ណដា បានផ្តាំផ្ញើសិល្បករដទៃទៀតចំពោះការទទួលទានកាហ្វេមុននឹងឡើងឆាកសម្តែងព្រោះលោកបានជួបប្រទះបញ្ហាសុខភាពដកដង្ហើមស្ទើរតែមិនដល់គ្នា។ យ៉ាងណាមិញស្របពេល វណ្ណដា ផ្តាំផ្ញើបែបនេះស្រាប់តែហ្វេនផេករបស់ ជី ដេវិត បង្ហាញវីដេអូរបស់អាយដលផឹកកាហ្វេហើយឡើងឆាកច្រៀងសំឡេងនៅតែអេមដូចចាក់ឌីស។
គេចាំបានថាកាលពីខែកុម្ភៈ កន្លងមកថ្មីៗនេះតារារ៉េប វណ្ណដា បានជួបប្រទះបញ្ហាសុខភាពដោយសារតែបានផឹកកាហ្វេអស់មួយកែវមុនឡើងឆាកសម្តែងធ្វើឱ្យលោកធ្វើទុក្ខ ញ័របេះដូង ដកដង្ហើមស្ទើរតែលែងកើត។ ក្នុងនោះ វណ្ណដា ក៏បានផ្តាំផ្ញើដល់សិល្បករឯទៀតឱ្យប្រុងប្រយ័ត្នចំពោះកាហ្វេមុនពេលឡើងសម្តែងមិនមែនជាជម្រើសល្អនោះទេ។ 
ទោះយ៉ាងណា ការលើកឡើងរបស់ វណ្ណដា ត្រូវបានអ្នកមួយចំនួនផ្លែផ្កាឱ្យនៅលើប្រព័ន្ធអ៊ីនធឺណិតថាខ្លួនឯងសម្តែងមិនបានល្អ ប៉ុន្តែបែរជាដាក់បន្ទុកលើកាហ្វេទៅវិញ។ ការលើកឡើងនេះដោយសារតែការច្រៀងរបស់ វណ្ណដា នៅលើឆាកផ្សាយផ្ទាល់ត្រូវរងនូវសម្តីថា «ច្រៀងផ្ទាល់ស្តាប់មិនកើត»។
ស្របពេល វណ្ណដា បានផ្តាំផ្ញើសិល្បករប្រុងប្រយ័ត្នចំពោះកាហ្វេមុននឹងឡើងឆាកនេះស្រាប់តែហ្វេនផេករបស់ ជី ដេវិត មានឈ្មោះថា « ditway forever» បានបង្ហាញវីដេអូ ជី ដេវីត ផឹកកាហ្វេមុននឹងឡើងឆាក។ នៅល្ងាចថ្ងៃទី៣ មីនា ហ្វេនផេក ditway forever បានបង្ហោះវីដេអូខ្លី ជាមួយនឹងចំណងជើងថា «អត់មានអីផ្ញើ Idol ទេមានតែខ្វេទឹកកកមួយកែវមុនឡើងច្រៀង លើកដាច់បង»។ ការបង្ហោះនេះមានការខម្មិនចោទសួរ ជី ដេវិត ថាអត់ពុលកាហ្វេទេឬ?។

គួរបញ្ជាក់ផងដែរថា ជារឿយៗហ្វេនៗរបស់ វណ្ណដា និង ជី ដេវិត តែងតែមានជម្លោះផ្លែផ្កាឌឺដងគ្នាទៅវិញទៅមកមិនចេះចប់ទាញយកអ្នកទាំងពីរមកចូលក្នុងជម្លោះសឹងតែគ្រប់ពេលវេលាផ្លែផ្កាម្ខាងទៅម្ខាងទោះរឿងខ្លះមិនជាប់ទាក់ទងគ្នាក៏ដោយក៏អាចទាញ ជី ដេវិត ឬ វណ្ណដា ចូល៕










