តារាចម្រៀង Lisa សមាជិក BLACKPINK បានច្រៀងបទចម្រៀង «Live and Let Die»ដែលជាប្រធានបទភាពយន្ត James Bond ឆ្នាំ១៩៧៣ ជាមួយនឹងក្បាច់រាំដ៏គួរឱ្យចាប់អារម្មណ៍នៅឯពានរង្វាន់អូស្ការឆ្នាំ ២០២៥។ នាងគឺជាតារា K-Pop ដំបូងបានសម្តែងក្នុងកម្មវិធីនេះខណៈអ្នកមួយចំនួនចោទថានាងប្រើឥទ្ធិពលមិត្តប្រុសចចាមអារ៉ាមរបស់នាងដែលជាកូនមហាសេដ្ឋីព្រោះម៉ាកយីហោ LVMH បានចូលរួមឧបត្ថម្ភក្នុងកម្មវិធីនេះ។

Lisa និងសិល្បករជាច្រើននាក់បានគោរពដល់ស៊េរី James Bond ជាមួយនឹងការសម្តែងដ៏រស់រវើក។ តារាសម្ដែង Margaret Qualley បានបើកកម្មវិធីជាមួយនឹងការសម្តែងរាំជាមួយអ្នករាំប្រុស។ មិនយូរប៉ុន្មាន Lisa បានបង្ហាញខ្លួនពីលើមកតាមខ្សែកាប ដោយបង្ហាញច្រៀងបទ Live and Let Die ដែលជាបទចំរៀងនៃខ្សែភាពយន្តឆ្នាំ១៩៧៣ ។ បន្ទាប់ពី Lisa គឺ Doja Cat បានបន្តជាមួយបទ «Diamonds Are Forever» ដែលជាបទចម្រៀង នៃភាពយន្ត James Bond ឆ្នាំ១៩៧១ ខណៈបន្ទាប់គឺការបង្ហើរសំនៀងរបស់ RAYE ។
ការបង្ហាញខ្លួនរបស់ Lisa នៅលើឆាកអូស្ការបានក្លាយជាប្រធានបទក្តៅនៅលើ X ។ អ្នកគាំទ្ររបស់តារាចម្រៀងបានសម្តែងការរំភើបរបស់ពួកគេដែលនាងបានបង្ហាញខ្លួនក្នុងកម្មវិធីដ៏ធំបែបនេះ។ យ៉ាងណាមិញ មហាជនជាច្រើនបានជំទាស់ដោយលើកឡើងថា ពិធីនេះគួរធ្វើសម្រាប់អ្នកសិល្បៈដែលជាប់ឈ្មោះជាជាងតារាប៉ុប។ 
ពួកគេបានសរសេរថា «ហេតុអ្វីបានជាអ្នករៀបចំផ្តល់កន្លែងទំនេរដល់សិល្បករដែលមិនពាក់ព័ន្ធនឹងពានរង្វាន់អូស្ការ?», «Lisa អាចចូលទីនេះប្រហែលជាដោយសារតែនាងជិតស្និទ្ធនឹង Frederic Arnault ដែលជាកូនប្រុសរបស់គ្រួសារ Arnault ដែលជាអ្នកឧបត្ថម្ភព្រឹត្តិការណ៍» «ខ្ញុំមិនយល់ថាហេតុអ្វីបានជា Lisa ត្រូវបានជ្រើសរើសឱ្យច្រៀងបទចម្រៀង James Bond ? និងមតិជាច្រើនទៀត។
នៅលើកម្រាលព្រំក្រហម Oscar ឆ្នាំនេះ Lisa ក៏បានជ្រើសរើសសំលៀកបំពាក់មួយដើម្បីគោរពដល់តួអង្គ 007។ សារព័ត៌មានមួយចំនួនដូចជា Variety និង India Times បានសរសើរនាងចំពោះការស្លៀកពាក់ស្អាតនេះ៕










