ខ្សែភាពយន្តបុរាណខ្មែរ «ក្រយាស្នេហ៍» របស់ស្ថានីយទូរទស្សន៍ហង្សមាសទទួលបាននូវការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់ពីមហាជន ប៉ុន្តែនៅតែមានមតិមួយចំនួនលើកឡើងថាសំលៀកបំពាក់នេះគឺចម្លងតាមសៀម។ លោក ខាំ ភូរិ បានចេញមកបញ្ជាក់ចំពោះការវែកញែកនេះដោយអះអាងថាសម្លៀកបំពាក់និងគ្រឿងតែងកាយគឺស្ថិតនៅក្នុងសង្គមខ្មែរនាសម័យនោះពិតប្រាកដ។

នៅថ្ងៃទី២៨ កុម្ភៈ លោក ខាំ ភូរិ បានបង្ហោះរូបភាពច្រើនសន្លឹកពីតួអង្គក្នុងរឿង «ក្រយាស្នេហ៍» ដោយបានបញ្ជាក់ថាសំលៀកបំពាក់នៅក្នុងសាច់រឿងដែលរងការវែកញែកគឺបានកើតឡើងនៅក្នុងសង្គមខ្មែរ។ លោកថ្លែងយ៉ាងដូច្នេះថា «មានការជជែកវែកញែកច្រើនទាំងថៃ ទាំងខ្មែរ ទាក់ទងនឹងរឿងសម្លៀកបំពាក់ចម្លងពីសៀមនៅក្នុង រឿង ក្រយាស្នេហ៍ រហូតមានការវែកញែកដោយវេបសាយថៃខ្លះផងដែរ។ ក្រុមការងារមិនបានតាំងចិត្តផលិតរឿងនេះឡើងដើម្បីទាមទារកម្មសិទ្ធិផ្តាច់មុខថាសម្លៀកបំពាក់ទាំងនេះជារបស់ខ្មែរនោះទេ តែអ្វីដែលយើងចង់បង្ហាញគឺសម្លៀកបំពាក់ និងគ្រឿងតែងកាយទាំងអស់នេះពិតជាបានប្រើប្រាស់ជាប្រចាំថ្ងៃក្នុងសង្គមខ្មែរនាសម័យនោះពិតប្រាកដមែន»។
ផលិតករជើងចាស់ដ៏មានប្រជាប្រិយភាពរូបនេះបានបន្តទៀតថា « យើងជាក្រុមផលិតភាពយន្ត មិនមែនជាក្រុមចងក្រងប្រវត្តិសាស្ត្រទេ យើងគ្រាន់តែធ្វើតាមឯកសារយោងដែលបានចងក្រងទុកកន្លងមក និងកែច្នៃបែបសិល្បៈខ្លះបន្ថែមតែប៉ុណ្ណោះ។ ខ្មែរ និង សៀម ជាប្រទេសភូមិផងរបងជាប់គ្នា ការជះឥទ្ធិពលលើគ្នាទៅវិញទៅមកគឺជៀសមិនផុត។ ខ្ញុំ និងក្រុមការងាររង់ចាំទទួលយកការរិះគន់ក្នុងន័យកែលម្អ ដើម្បីអភិវឌ្ឍន៍សមត្ថភាពបន្តទៀត»។
គួរបញ្ជាក់ថារឿងភាគបុរាណខ្មែរ «ក្រយាស្នេហ៍» ដឹកនាំសម្តែងដោយលោក ខាំ ភូរិ ក្រោមការនិពន្ធសាច់រឿងដោយ ពៅ មករា គីម ឌីណា និង ជួន ពិសិដ្ឋ។ សាច់រឿងនេះឆ្លុះបញ្ចាំងពីកម្តៅភ្លើងក្នុងផ្ទះបាយ នាចុងសម័យឧត្តុង្គ ដើមសម័យបារាំងនាព.ស២៤៦១ គ.ស១៩១៨ មានតួឯក ហៃ បៅហុង ,ថុន មរកត និង សេង ឡៃអ៊ីជាដើម៕










