សហរដ្ឋអាមេរិក ៖ Teledyne FLIR Defense គឺជាក្រុមហ៊ុនផលិតសម្ភារៈកងទ័ពនៅអាមេរិកបានបង្ហាញដ្រូនម៉ាក Black Hornet 4 ដែលមានទំហំតូចបំផុតនៅលើពិភពលោក ហើយវាមានទម្ងន់ស្រាលរហូតដល់យើងអាចយកដៃចាប់បាន និងប្រើប្រាស់តែម្រាមដៃ២ ប៉ុណ្ណោះ ។ ដ្រូននេះសម្រាប់ឱ្យកងទ័ពប្រើប្រាស់ក្នុងសមរភូមិ ឬធ្វើជាឧបករណ៍ស៊ើបការណ៍ក្នុងទីក្រុង តំបន់ព្រៃភ្នំ និងអគារ ដោយសារវាអាចត្រួតពិនិត្យស្ថានការណ៍នៅជុំវិញ លាក់ខ្លួន និងបំពាក់កាមេរ៉ាចាប់កំដៅ ។.png)
ដ្រូនតូចបំផុតម៉ាក Black Hornet 4 សម្រាប់ប្រើប្រាស់ក្នុងសមរភូមិនេះ គឺមានរាងស្រដៀងនឹងឧទ្ធម្ភាគចក្រខ្នាតតូច មានទម្ងន់៧០ក្រាម និងអាចហោះបានក្នុងល្បឿន១០ម៉ែត្រក្នុង១វិនាទី (ឬ ៣៦គីឡូម៉ែត្រក្នុង១ម៉ោង) ។ វាអាចទ្រទ្រង់កម្លាំងខ្យល់ក្នុងល្បឿន៥៥គីឡូម៉ែត្រក្នុង១ម៉ោង ព្រមទាំងបំពាក់ថ្មលីចូម-អ៊ីយ៉ុងតូចមួយមានទំហំប៉ុនចុងមេដៃ ។

ដ្រូននេះបំពាក់ដោយកាមេរ៉ាចាប់កំដៅ (Thermal Camera) នៅពេលប្រើប្រាស់វាក្នុងសមរភូមិជាក់ស្តែង គឺត្រូវត្រៀមថ្មបម្រុង ចំនួន២ដុំ ។ គេអាចបញ្ជាដ្រូនដ៏តូចនេះដោយប្រើដៃតែម្ខាងប៉ុណ្ណោះ ហើយកងទ័ពនឹងចំណាយពេលត្រឹមតែ២០វិនាទីដើម្បីបញ្ជាឱ្យវាហោះទៅលើមេឃ តាមរយៈការបញ្ជាពីចម្ងាយមិនលើស២គីឡូម៉ែត្រ ។
ក្រុមហ៊ុន Teledyne FLIR Defense បញ្ជាក់ថា ដ្រូន Black Hornet 4 មានសមត្ថភាពអាចលាក់ខ្លួនខ្ពស់ ដោយសារវាមានទំហំតូច និងឮសំឡេងតូចបំផុត ។ វានឹងក្លាយជាឧបករណ៍របស់កងទ័ពសម្រាប់ប្រើប្រាស់ពេលប្រយុទ្ធគ្នាក្នុងសមរភូមិ ឬធ្វើជាឧបករណ៍ស៊ើបការណ៍ក្នុងទីក្រុង តំបន់ព្រៃភ្នំ និងអគារ ។
បច្ចុប្បន្ន ក្រុមហ៊ុនបានផលិតដ្រូនដ៏តូចបំផុតនេះស្មើជាង៣៣,០០០គ្រឿង សម្រាប់ប្រើប្រាស់ក្នុងផ្នែកកងទ័ព និងភ្នាក់ងារសន្តិសុខ រហូតដល់ជាង៤៥ប្រទេស ។ កងទ័ពជើងគោកអាមេរិកបានទិញដ្រូននេះជាបន្តបន្ទាប់ តាំងពីឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន (ឆ្នាំ២០២៥) ៕










