កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហោះនៅលើបណ្តាញសង្គម បង្ហាញពីក្តីកង្វល់ ជុំវិញការនេសាទលៀសនៅបឹងទន្លេសាប ហាក់មានការកើនឡើងខ្លាំង ដែលអាចបណ្តាលឱ្យបាត់បង់ធនធានធម្មជាតិ ទៅថ្ងៃអនាគត។

បណ្ឌិតសភាចារ្យ សុខ ទូច បង្ហាញពីទិដ្ឋភាពជាក់ស្តែង៦ ចំណុចដែលប្រជានេសាទកំពុងបំផ្លិចបំផ្លាញលៀស ជាជីវៈចម្រុះនៅក្នុងបឹងទន្លេសាប ដែលរួមមាន៖

ទី១.គេនេសាទយកទៅសម្រាប់ធ្វើជាចំណីសត្វ
ទី២.គេមិនមែនរាវទេ គេយកម៉ាស៊ីននិងទូក អូសជាទ្រង់ទ្រាយធំ ដើម្បីយកទៅធ្វើជាចំណីត្រី និងកិនធ្វើចំណីសត្វដទៃទៀត
ទី៣.ធ្វើឱ្យបាត់បង់ចំណីអាហារសម្រាប់មនុស្ស
ទី៤.នៅពេលដែលយើងដាច់ពូជ អ្នកជិតខាងនឹងដឹកលៀសមកឱ្យយើងហូប
ទី៥.លៀស និងខ្ចៅនេះជាជីវៈចម្រុះ ដែលមាននៅក្នុងបឹងទន្លេសាប ធ្វើឱ្យមានតុល្យភាពអេកូឡូស៊ី
៦.ការនេសាទបែបបំផ្លាញបែបនេះ តើវាអាចបន្តពូជហើយឆ្លើយតបមកវិញតាមតម្រូវការដែរឬទេ?

លោកបណ្ឌិតសភាចារ្យ សង្កត់ធ្ងន់ថា៖” បើគ្រាន់តែនេសាទយកមកធ្វើជាចំណីអាហាររបស់មនុស្ស មិនខ្វះលៀសហូបនោះទេ តែបើធ្វើបែបនេះ គឺនឹងរលាយហើយ ដូចអ្វីដែលកើតមានក្នុងប្រវត្តិសាស្ត្រ គឺករណីព្រៃឫស្សីបន្ទាយលង្វែកដោយប្រាក់ដួង ហើយលៀសនេះ គឺដោយសារប្រាក់ដុល្លារ”៕