តារាសម្តែង ស៊ីន យូប៊ីន ទទួលបានការកោតសរសើរយ៉ាងខ្លាំងក្នុងសកម្មភាពដែលនាងបានជូនវត្ថុអនុស្សាវរីយ៍បង្ហាញអ្វីដែលជារបស់ខ្មែរទៅកាន់តារាល្បីៗដែលបានមកចូលរួមកម្មវិធី Bulgari ដែលបានរៀបចំនៅខេត្តសៀមរាប។ យូប៊ីន បានបំពេញតួនាទីក្នុងនាមជាម្ចាស់ផ្ទះបានយ៉ាងល្អខណៈគឺគេសង្កេតឃើញថានាងមានភាពទំនាក់ទំនងស្និទ្ធស្នាលជាមួយតារាសម្តែង ម៉ៃ ដាវីកា។
ដូចប្រិយមិត្តមួយចំនួនបានដឹងហើយថាតារាសម្តែង ស៊ីន យូប៊ីន ធ្លាប់បាននិយាយហើយថានៅពេលចូលរួមកម្មវិធីនានាមិនឱ្យខ្មែរបាក់មុខនោះទេ បើទោះបីជាកម្មវិធីនោះធំយ៉ាងណាប៉ុន្តែមិនបានឱ្យតម្លៃមកខ្មែរគឺនាងមិនចូលរួមដាច់ខាត ជាពិសេស យូប៊ីន គឺនិយមចូលចិត្តបង្ហាញអ្វីដែលជារបស់ខ្មែរនៅលើឆាកអន្តរជាតិ។
ថ្មីៗនេះទស្សនិកជនភាគច្រើនក៏បានដឹងហើយថាប្រ៊េនលំដាប់ពិភពលោករបស់ Bulgari បានមករៀបចំកម្មវិធីដ៏ធំនៅមុខប្រាសាទបាយ័នដោយប្រមូលផ្តុំទៅដោយតារាល្បីៗជាច្រើនចូលរួមក្នុងនោះមានទាំងតារាខ្មែរ តារាហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និងតារាជាច្រើនទៀតមកចូលរួមនិងបានផ្សព្វផ្សាយពីគ្រឿងអលង្ការម៉ាយីហោនេះដែលភ្ជាប់ជាមួយប្រាសាទខ្មែរ មើលហើយត្រជាក់ភ្នែកជាទីបំផុតពីតារាសម្តែងសិង្ហបុរី តារាសម្តែងថៃ បវរកញ្ញាចក្រវាលឆ្នាំ២០១៥ Miss Cosmo 2024 ជាដើម។
នាថ្ងៃទី២១ នេះ តារាសម្តែង ស៊ីន យូប៊ីន បានចែករំលែកវីដេអូមួយដែលធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តជាខ្លាំងក្រោយពីឃើញសកម្មភាពនាង។ យូប៊ីន បានជូនវត្ថុអនុស្សាវរីយ៍ជាប្រអប់ស្មុករបស់ដែលធ្វើដោយដៃដោយក្នុងនោះមានជាក្រមាខ្មែរ និងដំណាប់ស្វាយ។ កាលពីថ្ងៃទី២០ កុម្ភៈ តារាថៃ ម៉ៃ ដាវីកា ក៏បានភ្លក្សរសជាតិអាកោខ្មែរ ប្រហិតឆឹង ផងដែរ។
សកម្មភាពនេះអ្នកគាំទ្រសរសើរ ស៊ីន យូប៊ីន មិនដាច់ពីមាត់ដែលនាងបានបំពេញតួនាទីបានយ៉ាងល្អក្នុងនាមជាម្ចាស់ផ្ទះដែលកម្មវិធីលំដាប់ថ្នាក់ពិភពលោកនេះមករៀបចំលើទឹកដីកម្ពុជាជាលើកដំបូង៕










