ប្រទេសថៃ ៖ ក្រោយពីកើតហេតុការណ៍កងទ័ពថៃហាមឃាត់ពលរដ្ឋខ្មែរកុំឱ្យច្រៀងចម្រៀងជាតិ ដើម្បីផ្តល់កម្លាំងចិត្តដល់កងទ័ពខ្មែរឈរជើងនៅប្រាសាទតាមាន់ធំ ស្ថិតលើភ្នំដងរែក ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនខេត្តសុរិន្ទ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ និងអះអាងថា វាជាការច្រៀងចម្រៀងបង្ហាញពីអត្តសញ្ញាណជាតិ និងពុំសមស្របតាមកិច្ចព្រមព្រៀងរវាងប្រទសទាំងពីរ បានធ្វើឱ្យពលរដ្ឋខ្មែរចាប់អារម្មណ៍យ៉ាងខ្លាំង ពីព្រោះប្រាសាទតាមាន់ធំ ស្ថិតនៅលើទឹកដីប្រទេសកម្ពុជា ដែលបុព្វបុរសខ្មែរបានបន្សល់ទុកឱ្យកូនចៅ ។
.png)
ឆ្លើយតបនឹងវីដេអូកងទ័ពថៃហាមឃាត់ពលរដ្ឋខ្មែរមួយក្រុមដែលទៅលេងនៅប្រាសាទតាមាន់ធំ និងច្រៀងចម្រៀងជាតិ ដើម្បីផ្តល់កម្លាំងចិត្តដល់កងទ័ពខ្មែរឈរជើងនៅប្រាសាទតាមាន់ធំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ថា កម្ពុជានឹងដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែកម្ពុជានឹងរក្សាសិទ្ធិការពារខ្លួនគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ បើប្រទេសណាមួយហ៊ានប្រើប្រាស់កម្លាំងប្រដាប់អាវុធឈ្លានពានកម្ពុជា ។
ប៉ុន្តែសារព័ត៌មានថៃមួយចំនួនបែរជាចុះផ្សាយថា នាយករដ្ឋមន្ត្រីកម្ពុជាបានសូមទោសថៃ ករណីពលរដ្ឋខ្មែរច្រៀងចម្រៀងជាតិនៅប្រាសាទតាមាន់ធំ ។ ក្រោយពីសារព័ត៌មានថៃចុះផ្សាយបែបនេះ លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃនិយាយថា នាយករដ្ឋមន្ត្រីកម្ពុជាពុំបានសូមទោសថៃ ដូចការចុះផ្សាយរបស់សារព័ត៌មានថៃទេ ហើយលោកអះអាងថា ទំនាក់ទំនងរវាងកម្ពុជា និងថៃ នៅតែល្អធម្មតា ។.png)
កាលពីថ្ងៃទី២០ ខែកុម្ភៈ កន្លងមក នៅអាកាសយានដ្ឋានកងទ័ពអាកាស លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ និយាយថា សារព័ត៌មានថៃមួយចំនួនចុះផ្សាយថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទូរស័ព្ទមកថៃ ដើម្បីបង្ហាញនូវការសោកស្តាយ និងសូមទោសថៃ ចំពោះហេតុការណ៍កើតឡើងនៅប្រាសាទតាមាន់ធំ ។ លោកបញ្ជាក់ថា ការចុះផ្សាយរបស់សារព័ត៌មានថៃទាំងនេះ គឺពុំមែនជាការពិតទេ ពីព្រោះនាយករដ្ឋមន្ត្រីកម្ពុជាពុំបានសូមទោសថៃឡើយ ។
លោកបន្តថា លោកបានជជែកជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ថា ថៃពុំសប្បាយចិត្ត ដែលពលរដ្ឋខ្មែរច្រៀងចម្រៀតជាតិនៅប្រាសាទតាមាន់ធំ ហើយហេតុការណ៍នេះពុំធ្វើឱ្យកម្ពុជា និងថៃ មានបញ្ហាជាមួយគ្នាទេ ។ ដូច្នេះ សូមពលរដ្ឋថៃឈប់បារម្ភ ពីព្រោះពលរដ្ឋខ្មែរមួយក្រុមនោះ គឺដូចគ្នានឹងភ្ញៀវទេសចរបរទេសមកដើរលេងនៅប្រាសាទតាមាន់ធំ ហើយក៏នាំគ្នាច្រៀងធ្វើឱ្យមានបញ្ហា ។ ប៉ុន្តែមេបញ្ជាកងទ័ពគ្រប់ជាន់ថ្នាក់របស់កម្ពុជា និងថៃ អាចជជែកគ្នាបាន គ្មានបញ្ហាអ្វីទេ ។
ហេតុនេះ ខ្ញុំសូមឱ្យសារព័ត៌មានថៃចុះផ្សាយកែកម្រូវខ្លឹមសារព័ត៌មានចាស់ឡើងវិញថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ពុំបានសូមទោសថៃទេ ។ ខ្ញុំធ្លាប់បានបញ្ជាក់ហើយថា ទំនាក់ទំនងរវាងកម្ពុជា និងថៃ គឺល្អធម្មតា ។ សូមសារព័ត៌មានថៃចុះផ្សាយនូវព័ត៌មានពិត បើពុំដូច្នោះទេ វានឹងក្លាយជាបញ្ហារវាងប្រទេសទាំងពីរ ។ ការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួនអាចពុំបានតាំងចិត្ត និងធ្វើឱ្យសារព័ត៌មានថៃផ្សេងទៀតចុះផ្សាយតាមដែរ ហើយវាធ្វើឱ្យខ្ញុំពុំសប្បាយចិត្ត ។ នេះបើតាមការលើកឡើងរបស់លោក Phumtham Wechayachai ៕










