ជុំវិញបញ្ហាតាមព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទតាមាន់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖”កម្ពុជាចង់ដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែកម្ពុជាក៏រក្សាសិទ្ធិនៅក្នុងការការពារខ្លួនគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ បើសិនជាប្រទេសណាមួយ ហ៊ានប្រើប្រាស់កម្លាំងប្រដាប់អាវុធមកឈ្លានពានកម្ពុជា។
សម្តេចធិបតី បានបន្តថា “កម្ពុជាផ្អែកទៅលើមូលដ្ឋាននៅក្នុងការថែរក្សាអធិបតេយ្យភាពរបស់ខ្លួន យើងរកវិធីដោះស្រាយបញ្ហា ដែលបន្សល់ទុកពីមុន តាមរយៈយន្តការ ដែលយើងឯកភាពគ្នាជាផ្លូវការណ៍ ដែលមានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ ធ្វើការដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ ផ្អែកលើផែនទីដែលតម្កល់ទុកដោយបារាំង ដែលយើងឯកភាពគ្នា”។
បន្ថែមពីនេះ សម្តេចធិបតី ហាមកុំឱ្យអ្នកនយោបាយប្រឆាំងលូកដៃរឿងព្រំដែន ដើរតួជាអ្នកចេះដឹងជាអ្នកបច្ចេកទេស ព្រោះអ្នកទាំងនោះ ជាដើមហេតុ បណ្តាលឱ្យមានសង្គ្រាមរវាងប្រទេសទាំងពីរ រឿងប្រាសាទព្រះវិហារនៅឆ្នាំ២០០៨។
បច្ចុប្បន្ន ស្ថានភាពនៅព្រំដែនកម្ពុជា-ថៃ ហាក់មានប្រក្រតីធម្មតាវិញ តែតម្រូវឱ្យតាមតំបន់ប្រាសាទតាមាន់ធំមានកងទ័ពឈរយាម និងកំណត់ចំនួនទាហានស្មើៗគ្នា៕










