ក្រៅពីទស្សនាប្រាសាទ ខេត្តសៀមរាបក៏មានរមណីយដ្ឋានទេសចរណ៍ល្បីៗជាច្រើនផងដែរ ក្នុងនោះ «សហគមន៍ទេសចរណ៍ធម្មជាតិបឹងឈូកបន្ទាយស្រី» ក៏ជាគោលដ៏មានប្រជាប្រិយភាពមួយ ដែលលោកអ្នកមិនគួររំលងនោះទេ។ «សហគមន៍ទេសចរណ៍ធម្មជាតិបឹងឈូកបន្ទាយស្រី» មានទីតាំងស្ថិតនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាបដែលមានចម្ងាយពីប្រមាណជា ៣៦ គីឡូម៉ែត្រពីក្រុងសៀមរាប ក្បែរប្រាសាទបន្ទាយស្រីតែម្ដង។ 
នៅទីនោះភ្ញៀវទេសចរអាចអង្គុយញាំអាហារឆ្ងាញ់ៗ នៅតាមកញ្ចុះក្បែរមាត់ទឹក ស្រូបយកខ្យល់អាកាសដ៏ត្រជាក់បរិសុទ្ធ ជាមួយទិដ្ឋភាពស្ងប់ស្ងាត់ ស្ទូចត្រីលេងកម្សាន្ត ហែលទឹក និងងូតទឹកលេង ជិះទូកទស្សនាសត្វស្លាបជាច្រើនប្រភេទ ក៏ដូចជាដេីរកំសាន្តព្រៃកោងកាង ដើម្បីដាំដេីមឈេី ជិះទាទឹក ជិះទូកកាយ៉ាក ជិះកាណូតដេីរលេងទៅកោះ បោះតង់ រួមទាំងទស្សនាថ្ងៃលិច និងថ្ងៃរះយ៉ាងមានក្តីសុខទៀតផង។.png)
បើនិយាយពីសម្រស់ធម្មជាតិនៅទីនេះវិញ គឺដូចកំពុងស្ថិតនៅមាត់ព្រែកកំពតអ៉ីចឹង គឺថាមានភ្នំ មានព្រៃកោងកាងទឹកសាប លាយឡំនិងផ្ទៃទឹកខៀវស្រងាត់ មើលទៅស្អាតដូចក្នុងគំនូរខ្លាំងណាស់។ សហគមន៍ទេសចរណ៍ធម្មជាតិនេះ ត្រូវបានគេមើលឃើញថា កំពុងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងអភិរក្សធនធានធម្មជាតិដែលមានក្នុងសហគមន៍ ហើយក៏បានជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននេះផងដែរ។ 
គួរជម្រាបផងដែរថា បឹងឈូកមានផ្ទៃដីសរុប ១៦៧ ហិកតាត្រូវបានបង្កើតឡើងក្នុងគោលបំណង ការពារថែរក្សា និងអភិរក្សជីវៈចម្រុះ និងពូជត្រីនៅក្នុងតំបន់ទាំងនោះ៕










